ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងពស់កេងកងកំពុងត្រូវបានធ្វើអាជីវកម្ម​

ចែករំលែក៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​មិនចាប់អារម្មណ៍ចំពោះ​ការដែលផលិតករ​​ ឬក្រុមហ៊ុនទូរទស្សន៍មួយចំនួនបាននិង​កំពុង​កេងចំណេញលើមរតកវប្បធម៌ជាតិ នៃតម្លៃអក្សរសិល្ប៍អក្សរសាស្ត្រខ្មែរ ។ នោះគឺការ​ផលិតខ្សែភាពយន្ត​រឿងពស់កេង​កង​ជាថ្មី ដោយ​បានកែច្នៃ ឬ​អាប់ដេត រឿង​នោះដោយដាក់ចំណងជើង បន្ថែម ឬបន្ថយ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែឆ្លើយតបចំពោះប្រជាពលរដ្ឋខ្មែរ​អំពី​បញ្ហានេះថា តើ​វាប៉ះពាល់ដល់​គ្រឹះអក្សរសិល្ប៍ជាតិដែរឬទេ នៅពេលដែលរឿងមួយនេះត្រូវគេដណ្តើមគ្នាយកទៅអាប់ដេត ម្តងហើយម្តងទៀត ។

បើទោះបីជាប្រជាពលរដ្ឋ​បានលើកឡើងជាញយដងក៏ដោយ ក៏ក្រសួងវប្បធម៌ នៅតែធ្វើមិនដឹង និងមិនព្រមបំភ្លឺ​ឲ្យប្រជាពលរដ្ឋអស់ចម្ងល់នោះឡើយ ។ យ៉ាងហោចណាស់ស្ថានីយទូរទស្សន៍ក្នុងស្រុក២ បាននិងកំពុងអួតអំពីភាពជោគជ័យ​របស់ខ្លួន​ក្នុងការអាប់ដេត រឿងពស់កេងកង ។ រឿងទី១ គឺ​ត្រូវបាន​គេកែសម្រួល ឲ្យទៅជារឿងសង្គ្រាមស្នេហ៍ពស់កេងកង និងមួយទៀត រឿងកូនពស់កេងកង ។ ការ​ផលិត​ឡើងវិញ ដោយកាឡៃសាច់រឿង​បន្តិចបន្តួច​ ឬហៅថា អាប់ដេត បើតាមការយល់ឃើញរបស់នាងខ្ញុំនោះថា គឺជាការបំផ្លាញនូវទម្រង់ដើម​របស់វប្បធម៌ជាតិ ។ ប៉ុន្តែទំនងជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​យល់ថា ជាការលើកកម្ពស់​កេរ្តិ៍តំណែលជាតិហើយមើលទៅ ។

មនុស្សមិនតិចទេ រួមទាំងនាងខ្ញុំផង ចង់ឃើញការបកស្រាយច្បាស់លាស់មួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ថា តើវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានបែបណាចំពោះការ​អាប់ដេត ស្នាដៃបុព្វបុរសខ្មែរនោះ ។ វាផ្តល់ផលចំណេញបែប​ណាខ្លះ? ប៉ុន្តែជាយូរពេលមកហើយ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ មិនបានបកស្រាយដើម្បីឲ្យប្រជាពលរដ្ឋអស់ចម្ងល់​ក្នុងការអាប់ដេត​រឿង​ពស់កេងកងនេះទេ ។ ដូច្នេះ ទំនងជាការអាប់ដេតនេះ​ផ្តល់ផលប្រយោជន៍​ទើបក្រសួងនៅស្ងៀម ។ ផ្តល់ប្រយោជន៍យ៉ាងណាក៏ដោយ ក៏គួរតែបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងផល ឬមួយក៏ក្រសួងបានប្រយោជន៍ស្ងាត់ស្ងៀមយ៉ាងណាពីការអាប់ដេតនេះដែរ? ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖