ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានសុរិយោដីស្រុក​សំរោង ដើរយកលុយពី​អ្នកធ្វើផ្ទះបានស្រួលៗ

ចែករំលែក៖

ប្រជាពលរដ្ឋរស់នៅស្រុកសំរោង​ ខេត្តតាកែវ បាននិយាយថា អ្នកដែលត្រូវធ្វើផ្ទះថ្មី ត្រូវតែចំណាយលុយ​ក្រោមតុ ជូនប្រធាន​សុរិយោដីភូមិបាលស្រុកសំរោង ដោយខានមិនបាន ។ លុយនោះ ត្រូវគេអះអាងថា ចូលក្នុងហោប៉ៅលោក​ប្រធាន មិនមែនចូលក្នុងកញ្ចប់ថវិកាជាតិនោះឡើយ ។ ប្រភពបានឲ្យដឹងថា លោក ហុង ឡាក់ ប្រធានសុរិយោដីភូមិ​បាលស្រុកសំរោង តែងតែដើរយកលុយពីប្រជាពលរដ្ឋណាដែលសាងសង់ផ្ទះថ្មី ។

ជាក់ស្តែងផ្ទះពីរល្វែងដែលកំពុងសាងសង់នៅក្នុងឃុំស្លា ស្រុកសំរោង ក៏ត្រូវលោកហុង ឡាក់ ទារ​បាន១៥០ដុល្លារ ហើយបង្គាប់ម្ចាស់ផ្ទះ​ឲ្យនិយាយថា កំពុងរត់ការ​ច្បាប់ ។ ទង្វើបែបនេះ មិនមែនជាទីពេញចិត្តរបស់ម្ចាស់ផ្ទះនោះឡើយ ថ្វីបើបានចំណាយប្រាក់តិច ប៉ុន្តែ​វា​ជាទង្វើមិនស្របច្បាប់ ។ ប្រជាពលរដ្ឋសុខចិត្តធ្វើអ្វីមួយដែលស្របច្បាប់ បើទោះបីជា​ចំណាយលុយច្រើនជាងនេះបន្តិចក៏ដោយ ។ គេដឹងថា លោក​ហុង ឡាក់ យកលុយពីម្ចាស់សំណង់នានា ដើម្បី​ផលប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺដាក់ក្នុងហោប៉ៅរបស់ខ្លួន មិនចូលក្នុងហិបថវិកាជាតិឡើយ ។

គេរាយការណ៍ថា មិនមែនតែមួយករណីនេះទេ ដែលលោកហុង ឡាក់ បានដើរយកលុយពីប្រជាពលរដ្ឋ ដែលសាងសង់លំនៅឋានថ្មីៗ ។ ពោលគឺច្រើនករណីមកហើយ ដែលលោក ហុង ឡាក់ តែងតែធ្វើដូច្នេះ ។ គេមិនដឹងថា តើ​ទង្វើបែបនេះ ស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ខេត្តតាកែវដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែ​ទំនងជារឿងបុគ្គលម្នាក់នេះតែប៉ុណ្ណោះ ។ ដូច្នេះ គួរតែលោកប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តតាកែវ​ពិនិត្យមើលករណីប្រធានភូមិបាលស្រុកសំរោង លោកហុង ឡាក់ នេះផង ៕


ចែករំលែក៖