ខេត្តតាកែវ៖ គ្មានទេការបង្ក្រាបរបស់មន្ត្រីមានសមត្ថកិច្ចចំពោះជនជាតិវៀតណាម ដែលចូលមកនេសាទនៅក្នុងស្រុកបុរីជលសា និងស្រុកអង្គរបុរី ខេត្តតាកែវ ។ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គេរាយការណ៍ថា បណ្តាអ្នកនេសាទជនជាតិវៀតណាមកាន់តែច្រើនបានសម្រុកចូលមកនេសាទក្នុងទឹកដីខ្មែរ ដោយបានបង់ប្រាក់ឲ្យមន្ត្រីជំនាញទៅតាមទំហំនៃបទល្មើសជលផល ។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ធ្លាប់បានអះអាងថា កម្លាំងមន្ត្រីជលផលក្រោមឱវាទរបស់លោក ខិតខំខ្លាំងណាស់ដែរ ប៉ុន្តែហាក់ដូចជាមិនគ្រប់គ្រាន់ ។
ប្រភពរាយការណ៍ថា បទល្មើសដែលកំពុងកើតឡើងនៅក្នុងដែនទឹកស្រុកបុរីជលសា និងស្រុកអង្គរបុរី មានជនជាតិវៀតណាមកាន់តែច្រើនក្នុងមួយថ្ងៃៗ ចូលមកធ្វើសកម្មភាពនេសាទជាចំហរ ។ ពួកគេចូលមកតាមទូកពេលព្រឹក និងត្រឡប់ទៅវិញពេលល្ងាច ។ បណ្តាអ្នកនេសាទវៀតណាមទាំងនោះមានប័ណ្ណ ចេញ ចូលត្រឹមត្រូវ ដែលអនុញ្ញាតដោយមន្ត្រីជំនាញនៅខេត្តតាកែវ ។ ប័ណ្ណពណ៌លឿងមួយសន្លឹកត្រូវបានគេចេញឲ្យជាសម្គាល់សម្រាប់ជនជាតិវៀតណាមក្នុងការចូលមកនេសាទ ក្នុងដែនដីខ្មែរ ។ ក្រៅពីការចូលមកពេលព្រឹក ចេញពេលល្ងាច ក៏មានបណ្តាជនវៀតណាមចូលមកស្នាក់នៅជាប្រចាំដើម្បីនេសាទដែលមានទ្រង់ទ្រាយធំ ដូចជាការដាក់ដាយ អួនសៃយ៉ឺន និងរបាំងព្រួលជាដើម ។
បទល្មើសនេសាទនៅស្រុកអង្គរបុរី ក្រៅពីបណ្តាជនជាតិវៀតណាម ក៏មានបុរសជនជាតិខ្មែរឥស្លាមម្នាក់ឈ្មោះ ខុម ដែលមានលំនៅឋាននៅឃុំកំពង់យោល ស្រុកបុរីជលសា ក៏មានអ្នកមានអំណាចក្នុងការប្រព្រឹត្តបទល្មើសនេសាទនៅក្នុងស្រុកអង្គរបុរីនេះដែរ ។ របាំងស្បៃមុង អួនសៃយ៉ឺន លាតសន្ធឹងក្នុងឡូត៍លេខ១៧ និងលេខ១៨ រាប់សិបគីឡូម៉ែត្រជារបស់ឈ្មួញឈ្មោះ ខុម បន្ទាប់ពីគេបានបង់ប្រាក់ឲ្យមន្ត្រីរដ្ឋបាលជលផលខ្ទង់ម៉ឺនដុល្លាររួចមក ។ មន្ត្រីជលផលមូលដ្ឋាននៅស្រុកអង្គរបុរី ខេត្តតាកែវអះអាងថា មុនដំបូងឡើយ ពួកមន្ត្រីជលផលថ្នាក់ក្រោមបម្រុងនឹងស៊ីដាច់លោក ញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវដែរ ប៉ុន្តែដោយរឿងនេះត្រូវបែកធ្លាយ ពួកមន្ត្រីជលផល ក៏ចែករំលែកឲ្យលោកប្រធានមន្ទីរខ្លះៗទៅ ។
លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ អះអាងថា លោកមិនពាក់ព័ន្ធបញ្ហានឹងការអនុញ្ញាតឲ្យបណ្តាជនជាតិវៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរនៃស្រុកអង្គរបុរី និងបុរីជលសានោះឡើយ ។ មិនតែប៉ុណ្ណោះ លោកគឺជាអ្នកដែលខិតខំពង្រឹងនិងជំរុញការបង្ក្រាបបទល្មើសឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ប៉ុន្តែមន្ត្រីរដ្ឋបាលជលផលនៅស្រុកអង្គរបុរីអះអាងថា បន្ទាប់ពីបែកធ្លាយបញ្ហាបណ្តាជនជាតិវៀតណាមបង់ប្រាក់ឲ្យមន្ត្រីជលផល ដើម្បីបានចូលនេសាទល្មើសច្បាប់នោះ ពួកមន្ត្រីថ្នាក់ដឹកនាំនៅខេត្តក៏បានចែករំលែក លាភសក្ការជូនលោកប្រធានមន្ទីរនោះដែរ ។
ទំហំបទល្មើសនេសាទនៅស្រុកអង្គរបុរី និងស្រុកបុរីជលសាធំធេងណាស់ ។ មិនមែនត្រឹមតែស្ថាប័នជំនាញខាងកសិកម្ម ប៉ុណ្ណោះទេ ដែលទទួលបានប្រយោជន៍ សូម្បីតែថ្នាក់ដឹកនាំខេត្ត និងស្ថាប័នផ្សេងទៀត ក៏បណ្តាមេឈ្មួញវៀតណាមចំណាយប្រាក់រាប់ម៉ឺនដុល្លារបិទមាត់ដែរ ។ ជាក់ស្តែងបទល្មើសនេសាទគគ្រឹកគគ្រេង ស្ថិតនៅក្នុងស្រុកទាំងពីរខាងលើនេះគេមិនដែលឃើញលោក អ៊ូច ភា អភិបាលខេត្តតាកែវបញ្ចេញប្រតិកម្មម្តងណាឡើយ ។ ពួកឈ្មួញវៀតណាមបានដើរបោះលុយឲ្យស្ថាប័នពាក់ព័ន្ធ និងស្ថាប័នជំនាញអស់ហើយនៅក្នុងខេត្តតាកែវ ។ ក្នុងរឿងនេះ អ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋម្ចាស់ស្រុក ដែលត្រូវពួកអ្នកជំនាញបិទសិទ្ធិហាមឃាត់ក្នុងការចូលនេសាទដោយផ្តល់លទ្ធភាពសម្រាប់តែជនជាតិវៀតណាមចូលនេសាទប៉ុណ្ណោះ ៕ ហេង សូរិយា