ខេត្តកណ្ដាលៈ យុវជនសង្ស័យម្នាក់មានទំនាស់ឈ្លោះប្រកែកជាមួយឪពុកចុងខ្លួនឯងរួច ឃើញឪពុកចុងអង្គុយនិយាយលេងជាមួយអ្នកជិតខាងបានយកពូថៅគុបឪពុកខ្លួនឯង តែមិនត្រូវបែរជាត្រូវអ្នកជិតខាងដែលអង្គុយក្បែរ បណ្ដាលឲ្យត្រូវជើងទទួលរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង០៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ូយ ម៉េងទី ភេទប្រុសអាយុ១៩ឆ្នំា ជនជតិខ្មែរ មុខរបរសន្តិសុខ រីឯជនរងគ្រោះឈ្មោះ អេង ទ្រី ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមានពូថៅដងដែកចំនួន១ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានមានទំនាស់ពាក្យសម្ដីជាមួយឪពុកចុងរបស់ខ្លួនឈ្មោះ ហេង វិសាល អាយុ៥៤ឆ្នាំ បន្ទាប់ពីឈ្លោះគ្នារួច ឈ្មោះ ហេង វិសាល (ឪពុកចុងរបស់ជនសង្ស័យ)បានទៅអង្គុយលេងលើគ្រែជាមួយជនរងគ្រោះមុខផ្ទះរបស់ជនរងគ្រោះ លុះមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យបានយកពូថៅដើរចេញ រួចគុបសំដៅទៅឪពុកចុងរបស់ខ្លួន តែគុបមិនត្រូវបែរជាត្រូវជនរងគ្រោះឈ្មោះ អេង ទ្រី ដែលអង្គុយជិតឈ្មោះ ហេង វិសាល (ឪពុកចុងរបស់ជនសង្ស័យ) បណ្ដាលឲ្យត្រូវចំជើងរងរបួសបាក់ខ្នងជើងខាងស្តាំ បន្ទាប់គុបរួចជនសង្ស័យបានរតគេចខ្លួន រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។
ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលក្រាំងម្កាក់ ដើម្បីចាប់ខ្លួនជនសង្ស័យ ។ បន្ទាប់សមត្ថកិច្ចប៉ុស្ដិ៍បានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះរួច ភ្លាមនោះក៏ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ