នៅថ្ងៃទី២ ខែវិច្ឆិកា តម្លៃប្រេងឆៅបានធ្លាក់ចុះ ខណៈដែលទិន្នផលផលិតប្រេងឆៅកើនឡើងរបស់ប្រទេសផលិតប្រេងធំបំផុតទាំង៣របស់ពិភពលោក បានធ្វើឲ្យលែងមានក្តីកង្វល់ចំពោះការផ្គត់ផ្គង់ប្រេង ចាប់ពីការចាប់ផ្តើមទណ្ឌកម្មសហរដ្ឋអាមេរិកមកលើការនាំចេញប្រេងអ៊ីរ៉ង់នៅសប្តាហ៍ក្រោយនេះ ។
ប្រេងឆៅលើទីផ្សារខាងមុខ មានតម្លៃ៧២.៦០ដុល្លារក្នុង១បារ៉ែល គិតត្រឹមវេលាម៉ោង៤ និង៤១នាទី ម៉ោងសកល ថ្ងៃសុក្រ ពោលគឺធ្លាក់ចុះ២៩សេន ឬស្មើនឹង០.៤ភាគរយពីតម្លៃបិទចុងក្រោយគេ ។ ដោយឡែក ប្រេងឆៅអាមេរិក (WTI) បានធ្លាក់ចុះ២៤សេន ឬស្មើនឹង០.៤ភាគរយនៅតម្លៃ៦៣.៤៥ដុល្លារក្នុង១បារ៉ែល។
សូមបញ្ជាក់ថា ប្រេងឆៅ បានធ្លាក់ចុះលើសពី១២ភាគរយ ចាប់តាំងពីដើមខែតុលាមក ខណៈដែលប្រេងឆៅ WTI បានធ្លាក់ចុះតម្លៃជាង១៣ភាគរយ ។ ការផលិតប្រេងឆៅ សហរដ្ឋអាមេរិក បានបង្កើតដោយខ្លួនឯងជាង១១លានបារ៉ែលក្នុង១ថ្ងៃ ហើយអាមេរិកបច្ចុប្បន្ន កំពុងប្រកួតប្រជែងជាមួយរុស្ស៊ី សម្រាប់តំណែងជាប្រទេសផលិតប្រេងឆៅលេខ១លើពិភពលោក។
ដោយឡែក រុស្ស៊ីវិញ បានបង្កើនការផលិតប្រេងឆៅរបស់ខ្លួនខ្ពស់ជាងគេបំផុតរហូតដល់ទៅ១១.៤១លានបារ៉ែលក្នុង១ថ្ងៃកាលពីខែតុលា ពោលគឺកើនឡើងពីចំនួន១១.៣៦លានបារ៉ែលក្នុង១ថ្ងៃ កាលពីខែកញ្ញា។
ចំណែកឯ អារ៉ាប៊ីសាអូឌីត បានបូមប្រេងឆៅរបស់ខ្លួន១០.៦៥លានបារ៉ែលក្នុង១ថ្ងៃ កាលពីខែតុលា ជាហេតុធ្វើឲ្យប្រទេសផលិតប្រេងធំបំផុតទាំង៣របស់ពិភពលោក ផលិតប្រេងឆៅសរុបចំនួនកំណត់ត្រា៣៣.៤១លានបារ៉ែលក្នុង១ថ្ងៃ ដែលនេះមានន័យថា រុស្ស៊ី សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានឈានដល់តម្រូវការជាង១ភាគ៣នៃការប្រើប្រាស់ប្រេងសរុបនៅទូទាំងពិភពលោក៕ ម៉ែវ សាធី