ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីក្រសួងកសិកម្មចស្នើឲ្យអាជ្ញាធរខេត្តត្បូងឃ្មុំទប់ស្កាត់ការនាំចេញដើមឈើកៅស៊ូខុសច្បាប់ទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា លោកបាន ចាត់វិធានការជាបន្ទាន់ទៅថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ឲ្យទប់ស្កាត់ការនាំចេញដើមឈើកៅស៊ូខុសច្បាប់ទៅកាន់ប្រទេសវៀតណាម រួចហើយ ក្រោយមានពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាបន្តបន្ទាប់លើបញ្ហានេះ ដែលនៅតែកំពុងកើតមានឡើងនោះ។

លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ យ៉ាងដូច្នេះថា «ខ្ញុំបានចាត់វិធានការជា បន្ទាន់ ទៅថ្នាក់ខេត្តឲ្យបន្តត្រួតពិនិត្យលើ បញ្ហានេះ»។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក វេង សាខុន បានកោះប្រជុំបន្ទាន់មួយជាមួយ ថ្នាក់ដឹកនាំនិងមន្ដ្រីរដ្ឋបាលព្រៃឈើដើម្បីធ្វើការទប់ស្កាត់ការនាំចេញដើមកៅស៊ូ មូលបូកទាំងដើមស្វាយចន្ទីនិងដើមអាកា ស្យាខុសច្បាប់ ទៅកាន់ប្រទេសវៀតណាម នៅក្នុងខេត្តត្បូងឃ្មុំជាពិសេសនៅតាមច្រកដា និងច្រករបៀងមួយចំនួនទៀត ។

គួរបញ្ជាក់ថា ចំណាត់ការរបស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានធ្វើឡើង ដើម្បីឆ្លើយ តបនឹងលិខិតសុំអន្ដរាគមន៍ពីសំណាក់ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុកក្នុងខេត្ត ត្បូងឃ្មុំដែលបានលើកឡើងពីផលលំបាក និងការខាតបង់ជាច្រើនដោយសារតែក្រុមឈ្មួញវៀតណាមបានដើរប្រមូលទិញដើមកៅស៊ូមូលដើមស្វាយចន្ទីនិងដើមអាកាស្យា ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយមួយថ្ងៃៗចេញរាប់សិបរថយន្ដធុនធំ ដោយមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋនោះទេ។

លោក ឡុង ធាម អភិបាលរងខេត្តត្បូង ឃ្មុំ ដែលទទួលបន្ទុកការងារនេះមិនទាន់អាចបញ្ជាក់បាននោះទេដោយលោកកំពុងតែជាប់រវល់ប្រជុំ ដោយរង់ចាំនឹងផ្តល់ចម្លើយ នៅពេលក្រោយទៀត ។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីដើមខែតុលា ឆ្នាំ២០១៧ ក៏បានជម្រាបជូនទៅអភិបាលខេត្តត្បូងឃ្មុំ សុំអន្ដរាគមន៍បិទការនាំចេញវត្ថុធាតុដើមទាំងនេះផងដែរ ប៉ុន្ដែនៅមិនទាន់មាន ប្រសិទ្ធភាពនោះឡើយបើទោះបីលោករដ្ឋមន្ដ្រីព្រមានចាត់វិធានការយ៉ាងណាក៏ ដោយនោះ ។

យោងតាមលិខិតសំណូមពររបស់ តំណាងរោងចក្រកែច្នៃឈើកៅស៊ូ ដែលដាក់ជូនរដ្ឋមន្ដ្រីក្រសួងកសិកម្មបានលើកឡើងដោយសុំឲ្យពិនិត្យ និងអន្ដរាគមន៍បិទការ នាំចេញឈើកៅស៊ូមូល ស្វាយចន្ទីអាកាស្យាមិនទាន់កែច្នៃរបស់ឈ្មួញវៀតណាមដែលគេចបង់ពន្ធជូនរដ្ឋដោយពួកគេបានចូល មកទិញចម្ការពីប្រជាជនហើយជួលឡានដឹក តាមច្រករបៀងក្នុងស្រុកមេមត់ខេត្ត ត្បូងឃ្មុំយ៉ាងអនាធិបតេយ្យជាពិសេសនៅច្រកដាដែលធ្វើឲ្យរោងចក្រកែច្នៃឈើក្នុងស្រុកគ្មានឈើ ចូលរោងចក្រសម្រាប់កែច្នៃ ចំណែកកម្មករគ្មានការងារធ្វើនិងបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ។

ជាមួយគ្នានេះ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក៏បានដាក់លិខិតសុំអន្ដរាគមន៍មួយផ្សេងទៀត ជូនអភិបាលខេត្តត្បូងឃ្មុំ ដើម្បីមានចំណាត់ការ ប៉ុន្ដែនៅតែមិនទាន់ទទួលបានប្រសិទ្ធភាពនៅឡើយ។

យោងតាមការលើកឡើងរបស់អ្នករកស៊ីក្នុងស្រុកបានបង្ហាញថាក្រុមឈ្មួញវៀតណាម ដែលសម្រុកដឹកមួយថ្ងៃៗមិនតិចជាង១០០រថយន្ដធុនធំ គឺពួកគេបានរួចផុតពីការបង់ពន្ធជូនរដ្ឋដែលធ្វើឲ្យមានការ ចំណេញយ៉ាងខ្លាំង ខណៈដែលអ្នកដែល​រកស៊ីសុំច្បាប់ត្រឹមត្រូវត្រូវបង់ពន្ធជូនរដ្ឋ អស់ជាច្រើនដែលគ្មានលទ្ធភាពទៅប្រកួតប្រជែងជាមួយក្រុមឈ្មួញវៀតណាមទាំងនោះ ៕ ហេង សូរិយា


ចែករំលែក៖