ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើប២គ្រឿង បុកគ្នានៅផ្លូវបំបែកជាបួន ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងទៅលែងមុខ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៥៩២ កែងផ្លូវលេខ៣១៧ ខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកម៉ាស្តារ BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-1997 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្ត ក៏បានបើកឆ្លងកាត់ផ្លូវ៥២៨ ពេលនោះស្រាប់មានរថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៊ីស RX៤០០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AL-5289 ដែលបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីកើតទៅលិចនិងក្នុងល្បឿនយ៉ាងលឿន មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តខាងលើចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តម៉ាស្តារងការខូចខាតកំពិត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ។ ចំណែកឯរថយន្តឡិចស៊ីស រងការខូចខាតកំពិត ផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។ ភ្លាមៗនោះ អ្នកបើកបររថយន្តទាំង២គ្រឿងបានចុះពីលើរថយន្តរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទុករថយន្តទាំង២គ្រឿងនៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ គេឃើញមានតំណាងរបស់រថយន្តទាំង២គ្រឿង បានមកដោះស្រាយគ្នានៅកន្លែងកើតហេតុតែដោយនិយាយមិនត្រូវ ក៏ប្រគល់សមត្ថកិច្ចជំនាញវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖