ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចសកម្មម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន ខណៈដែលជនសង្ស័យខាងលើនេះ ប្រើល្បិតបោកបញ្ឆោតក្មេងស្រីជាសិស្សសាលា៤នាក់លួចយកខ្សែក និងចិញ្ចៀនអស់មួយចំនួន ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខឹម រ៉េង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំកាណាស៊ីតធី រាជធានីភ្នំពេញ ។ ចំណែកក្មេងស្រីរងគ្រោះមានគ្នា៤នាក់ ទី១-ឈ្មោះ វ៉ាន នីកា ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥ មានទីលំនៅភូមិទន្លាប ឃុំព្រៃពួច ស្រុកអង្គស្នួល ទី២-ឈ្មោះ ទិល ពិសី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥ មានទីលំនៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ទី៣-ឈ្មោះ ស្រ៊ុន ស៊ីនតី ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៥ មានទៅលំនៅភូមិចំការជោ ឃុំពើកស្រុកអង្គស្នួល និងទី៤-ឈ្មោះលី ស្រីវី ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៣ មានទីលំនៅភូមិគម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម៉ូតូម៉ាកZOOMER X ពណ៌ក្រហមលាយស ពាក់ស្លាកលេខកំពង់ស្ពឺ 1L-8420 លេខម៉ាស៊ីន១១៩៦៣២ ,ខ្សែកកាឡៃ១ខ្សែ និងខ្សែដៃកាឡៃ១ខ្សែ រីឯសម្ភារៈបាត់បង់មាន៖ខ្សែកប្លាកទីនទម្ងន់៣ជី ,ចិញ្ចៀនប្លាកទីន១ជី ,ខ្សែកបា្លកទីន១ខ្សែតម្លៃ១០០ដុល្លារ និងកងដៃប្លាកទីន១វង់ផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះកង់ចេញពីសាលារៀនទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យឃើញក្មេងស្រីរងគ្រោះពាក់ខ្សែកប្លាកទីនក៏ហៅឲ្យឈប់ ដោយប្រើល្បិចថា ម៉ូតូរបស់ខ្លួនខូចហ្វ្រាំងឲ្យក្មេងស្រីរងគ្រោះជួយ ភ្លាមនោះក្មេងស្រីរងគ្រោះបានឈប់កង់ រួចជនសង្ស័យក៏បានសួរនាំបន្ថែមទៀតថា ម៉ែឈ្មោះអី បន្ទាប់មកនិយាយកុហកក្មេងស្រីថា ខ្លួនជាជាងប្លាកទីន ម្ដាយក្មួយប្រាប់ឲ្យពូយកខ្សែកពីក្មួយដើម្បីទៅប្ដូរ ភ្លាមនោះក្មេងស្រីរងគ្រោះក៏យល់ព្រមដោះខ្សែកពីខ្លួនឲ្យ ដោយចៃដន្យសមត្ថកិច្ចចុះល្បាតបានជួបជនសង្ស័យកំពុងលោងលោមក្មេងមានការសង្ស័យក៏ឈប់ម៉ូតូរបស់រួចសួរនាំ ដោយដឹងថាជនសង្ស័យមានគំនិតមិនល្អ ក៏យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃពួច រួចសាកសួរបន្ថែមទៀត ។
ប្រភពដដែលបន្ដទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនបានលោងលោមក្មេងស្រីរងគ្រោះពិតប្រាកដមែន ដើម្បីយកខ្សែក ហើយខ្លួនធ្លាប់លោងលោមក្មេងស្រី៣លើករួចមកហើយ ដោយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទី ដែលសិស្សចេញពីសាលា ខ្លួនបានលួងលោមយកបានខ្សែក និងចិញ្ចៀនប្លាកទីន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នា២០១៨ វេលាម៉ោង៥ និង៣០នាទីរសៀល ខ្លួនយកបានកងដៃប្លាកទីន១វង់ និងនៅថ្ងៃទី២០ ខែសីហា២០១៨ វេលាម៉ោង១២ និង៣០នាទី ខ្លួនយកបានខ្សែក១ខ្សែ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ