ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា បង្រ្កាបមុខសញ្ញាចែកចាយ រក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់យ៉ាងសកម្មដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ដោយដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួនទៀត ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា នៅចំណុចភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ អ៊ា សេងឡុង ហៅក្ដាន់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិឃុំខាងលើ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនសមត្ថកិចបានធ្វើការតាមដានជាយូរមកហើយជនសង្ស័យគឺជាមុខសញ្ញាចែកចាយ រក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់យ៉ាងសកម្មនៅតំបន់ខាងលើ ។
ជនសង្ស័យបានធ្វើសកម្មភាពចែកចាយថ្នាំញៀននៅនឹងផ្ទះរបស់គេតែម្តង បើអ្នកណាត្រូវការថ្នាំយកទៅជក់ ត្រូវទៅទិញនៅផ្ទះរបស់គេទើបលក់ឲ្យ ។ ជននេះ គេឆ្លាតណាស់ល្មមៗមិនអាចបង្ក្រាបគេបាននោះទេ បើមានជនណាប្លែកមុខ ចូលទៅក្នុងភូមិ គឺគេដឹងភ្លាម ព្រោះគេមានអ្នកឃ្លាំមើលផ្លូវសមត្ថកិចគ្រប់ពេល ។
ក្រោយឃាត់ខ្លួន សមត្ថកិចដកហូតម៉្សៅក្រាម ពណ៌សថ្លា សង្ស័យថា ជាសាធាតុញៀន ចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃចំនួន៦គ្រឿង កន្រ្តៃចំនួន២ដើម ថង់ផ្លាស្ទិច សម្រាប់វេចខ្ចប់សារធាតុញៀន និងឧបករណ៍ សម្រាប់ប្រើគ្រឿងញៀនមួយចំនួនទៀត ។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ