តាំងពីលោកសួស សុផានិត ឡើងមកកាន់តំណែងជានាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញមក គេសង្កេតឃើញថា ក្នុងតួនាទីជាមេព្រៃ លោកសួស សុផានិត មិនបានបង្ក្រាបបទល្មើសព្រៃឈើនោះទេ គឺចាំយកលុយតែពីឈ្មួញអ្នករកស៊ីដឹកឈើតាមរថយន្ត ឬគោយន្តកែច្នៃតែប៉ុណ្ណោះ ។ ប្រភពឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿង ប្រសិនបើលួចចរាចរណ៍ដោយមិនប្រាប់លោកមុននោះ ហើយបើលោកចាប់បាន ត្រូវកំណត់ទារប្រាក់ពី៥០ម៉ឺនទៅ៦០ម៉ឺនរៀល ។ ការចាប់កំណត់ទារប្រាក់យ៉ាងដូច្នេះគឺជាការព្រមាន ដោយបញ្ជាក់ថា ថ្ងៃក្រោយ ចង់ដឹកឈើចេញ ត្រូវទាក់ទងលោកជាមុន ។ បើបានទាក់ទងហើយ ត្រូវបង់តែ១០ទៅ២០ម៉ឺនរៀលប៉ុណ្ណោះ ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ គោយន្តដឹកកូនឈើមូល និងឈើអារជាច្រើនគ្រឿង ដែលលួចធ្វើដំណើរចេញពីតំបន់ព្រៃការពារស្រុកភ្នំក្រវាញ ត្រូវបានលោក សួស សុផានិត ចាប់បាននៅមុខក្លោងទ្វារវត្តកណ្តាល ស្ថិតក្នុងភូមិទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ និងចាប់មួយចំនួនទៀត នៅមុខប៉ុស្តិ៍រដ្ឋបាលលាច ។ រថយន្តដឹកឈើ និងគោយន្តកែច្នៃទាំងនោះត្រូវបានកំណត់ឲ្យបង់ប្រាក់យ៉ាងហោចណាស់៥០ម៉ឺនរៀលក្នុងមួយគ្រឿង ។ ប៉ុន្តែដោយមានការអង្វរករ និងសំណូមពរ ជាមួយការសន្យាថា មិនហ៊ានក្បត់ ដោយលួចចេញទៀតនោះ ទើបលោក សួស សុផានិត ព្រមទទួលយកប្រាក់ពីក្រុមអ្នករកស៊ីខុសច្បាប់ទាំងនោះក្នុងមួយគោយន្ត២០ម៉ឺនរៀល ។ អ្នករកស៊ីឈើម្នាក់និយាយថា លោកមេព្រៃដែលទើបតែងតាំងថ្មីនេះ បានប្រាប់ពួកគាត់ថា ថ្ងៃក្រោយ បើចង់ចេញឈើត្រូវប្រាប់ជាមុន ។ អ្នករកស៊ីឈើបានបន្ថែមថា ឈើទាំងនោះត្រូវបានដឹកចេញពីតំបន់ ប្រាំពីរ ក្នុងដែនសមត្ថកិច្ចមន្ត្រីបរិស្ថាន ។ មុនការដឹកចេញ ក៏ត្រូវបង់ប្រាក់ឲ្យមន្ត្រីបរិស្ថាន១៥ម៉ឺនរៀលដែរក្នុងគោយន្តមួយគ្រឿង ។
គេរាយការណ៍ថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅស្រុកភ្នំក្រវាញ មិនមែនត្រឹមតែឈើប្រណីតធំៗនោះទេ ប៉ុន្តែសូម្បីតែឈើមូលតូចៗ ដូចជាកូនខ្លុងជាដើម ក៏កំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងសកម្មជារៀងរាល់ថ្ងៃផងដែរ ។ លោក សួស សុផានិត តាំងពីត្រូវបានតែងតាំងជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ គឺមិនដែលបង្ក្រាបបទល្មើសនោះឡើយ ផ្ទុយទៅវិញ លោកចាប់តែគោយន្តដឹកឈើណា ដែលមិនបង់ប្រាក់ឲ្យតែប៉ុណ្ណោះ ។ គេនិយាយថា បទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ មិនថមថយសោះឡើយ ពីព្រោះតែមន្ត្រីជំនាញបានក្លាយទៅជាអ្នកចាំផ្លូវឲ្យជនល្មើសទៅហើយនោះ ។ ការដឹកជញ្ជូនឈើ គ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ច លោក សួស សុផានិត ត្រូវបានធ្វើជាចំហរ ទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចរអារនរណាឡើយ ៕