ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានជំងឺសសៃប្រសាទម្នាក់ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែងសង្ស័យករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ដែលមានជំងឺសសៃប្រសាទផឹកស្រាស្រវឹង ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងដីឡូត៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ហ៊ាន សុផល ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិវាលឃុំ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ (ជាមនុស្សសសៃប្រសាទ) ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋជិខាងបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សសសៃប្រសាទ និងតែងផឹកស្រាស្រវឹងជាប្រចាំ ។ លុះមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានធ្វើដំណើរពីខេត្ដសៀមរាប មកស្នាក់នៅក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ដើម្បីធ្វើការសំណង់នៅក្នុងរោងចក្រSK លុះមកដល់ថ្ងៃទី១២ ខែឆ្នាំដដែល ជនរងគ្រោះបានដើរចេញពីការដ្ឋានដោយពុំដឹងថា ដើរទៅទីណានោះទេ ភ្លាមនោះក្រុមការងារក្នុងការដ្ឋានបាននាំគ្នាដើររកដែរ តែរកពុំឃើញនោះទេ រហូតមកដល់វេលាម៉ោង២១និង៣០នាទី គេបានឃើញជនរងគ្រោះខាងលើ ដើរស្រាតម្នាក់ឯង ភ្លាមនោះមានប្រជាពលរដ្ឋបានឲ្យខោអាវជនរងគ្រោះស្លៀក បន្ទាប់ពីស្លៀករួចជនរងគ្រោះបានដើរឆ្លងផ្លូវមិនប្រយ័ត្នបានប៉ះម៉ូតូគេកំពុងជិះ បណ្ដាលឲ្យម៉ូតូនោះដួលធ្វើអោយម្ចាស់ម៉ូតូមានរបួស រួចជិះម៉ូតូគេចបាត់ទៅ ចំណែកជនរងគ្រោះមានរបួសស្រាល ។

រហូតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៤ទៀបភ្លឺ ឈ្មោះ កេង សុខឃីម បានឃើញជនរងគ្រោះមកអង្គុយក្រោមដើមស្វាយជិតផ្ទះខ្លួនម្ដងទៀត បានមួយសន្ទុះក៏ដើរទៅត្បូងបាត់ទៅ រហូតមកដល់វេលាម៉ោង៨ព្រឹក ឈ្មោះ ប៊ុន វណ្ណៈ បានទៅច្រូតស្មៅបានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅចំណុចដីឡូត៍របស់ឈ្មោះ អាន ហុក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ភ្លាមនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញ រួចធ្វើការត្រួតពិនិត្យនិងកោសល្យវិច្ច័យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើង ៕ ស្អាងជ័យ


ចែករំលែក៖