ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន នាំយកអំណោយចែកជូនដល់ក្រុមកីឡាករ ទូក ង ព្រឹទ្ឋាចារ្យមហាតេជោសែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយចែកជូនដល់ក្រុមកីឡាករ ទូក ង ព្រឹទ្ឋាចារ្យមហាតេជោសែនជ័យ ដែលមានកីឡាករចំណុះទូកសរុប ១០២នាក់ មកពីវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ស្ថិតនៅឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្តមរតកពីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដើម្បីលើកទឹកចិត្តដល់ពួកគេសម្រាប់ចូលរួមប្រកួតរយៈពេល ៣ថ្ងៃ ។

អំណោយ ដែលត្រូវចែកចំណុះទូក ង ព្រឹទ្ឋាចារ្យមហាតេជោសែនជ័យ នាពេលនេះ ក្នុងនោះ ទទួលបាន ថវិកា ២០លានរៀល អង្ករ ៦២៥គីឡូក្រាម ក្រមា២០០ ទឹកសុទ្ឋ ៣០០យួរ ទឹកស៊ីអុីវ ៣០០យួរ ទឹកត្រី ៣០ដប អំបិល ១០កញ្ចប់ មី ៦០កេស និងភេសជ្ជៈជាច្រើនមុខ ចំនួន៤៥កេស។

គ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺសម្រាប់ផ្គត់ផ្គង់និងសម្រួលដល់ការស្នាក់នៅរបស់ក្រុមកីឡាករទូកទាំងអស់ ក្នុងអំឡុងពេលហ្វឹកហាត់សម និងចូលរួមប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២~២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះ លោក និងលោកស្រី ហ៊ុន ប៊ុនធឿន ក៏បានប្រាប់ដល់បងប្អូនត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ចៀសវាងការកើតមាននូវការរាគរូស ធ្វើឲ្យបាក់កម្លាំងខកខានមិនចូលរួមប្រកួត និង ជូនពរដល់ក្រុមកីឡាករទាំងអស់ សូមឲ្យទទួលបានជ័យជម្នះ និងកិត្តិយសស័ក្តិសមកេរ្តិ៍ឈ្មោះ បន្តមរតកពីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងណែនាំកីឡាករអុំទូកថា មេរៀនដែលកីឡាករអុំទូកត្រូវចងចាំគឺ រក្សាគុណធម៌ សិលធម៏ រក្សាកំលាំង សុខភាព សាមគ្គីភាព។ ឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់ ចាញ់ទូកនៅមនុស្សនោះ ៕ ស រស្មី


ចែករំលែក៖