ព័ត៌មានទាន់ហេតុការណ៍៖

លោក Miguel de Serpa Soares អគ្គលេខាធិការរងទទួល បន្ទុក កិច្ចការច្បាប់ និងជា ទីប្រឹក្សា ច្បាប់ របស់ អង្គការសហប្រជាជាតិ(អ.ស.ប) បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ ដែលបាន និងកំពុងសម្រេចដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០.៣០នាទីព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានមិត្តភាព នៃទីស្តីការ គណៈរដ្ឋមន្រ្តី លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការ អ.វ.ត.ក បានអនុញ្ញាត្តិឱ្យលោក Miguel de Serpa Soares អគ្គលេខាធិការរងទទួល បន្ទុក កិច្ចការច្បាប់ និងជាទីប្រឹក្សា ច្បាប់ របស់ អ.ស.ប ចូលសំដែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់ អ.វ.ត.ក ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។

ជាកិច្ចចាប់ផ្តើម លោក កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ដែលត្រូវបានលោក Antonio Guterres អគ្គលេខាធិការ អ.ស.ប ចាត់តាំងឱ្យធ្វើជាតំណាងមកចូលរួមពិធីប្រកាសសាលក្រមសំណុំរឿង០០២ ដំណាក់ទី២ ដែល អ.ស.ប តែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា រហូតមកទល់ពេលនេះ អ.វ.ត.ក បាន និងកំពុងសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ។ ជាងនេះទៅទៀត អ.វ.ត.ក ក៏បាន និងកំពុងបន្សល់ទុកកេរដំណែលដ៏ល្អ នៅក្នុងសង្គមកម្ពុជា ហើយក៏បានផ្ទេរចំណេះដឹង និងបទពិសោធពី អ.វ.ត.ក ទៅតុលាការជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។ ជាពិសេស ការ ប្រកាស សាល ក្រមនៅក្នុងសំណុំ រឿង០០២/០២ ដែល គ្រោងនឹងធ្វើ នៅ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នឹងបង្ហាញ ពី សមិទ្ធិផល ដ៏សំខាន់ មួយ ទៀត នៃ ការងារ របស់ អ.វ.ត.ក ហើយដំណើរ ការនេះ នឹង ត្រូវ កត់ត្រា ជា តម្លៃប្រវត្តិសាស្រ្តសម្រាប់ ប្រជាជន កម្ពុជា។

ជាការឆ្លើយតប លោក Miguel de Serpa Soares បានសម្តែងការអរគុណចំពោះការទទួលជួបពិភាក្សានាពេលនេះ និងបានជម្រាបជូនលោកកិត្តិនីតិកោសលបណ្ឌិតថា អ.ស.ប សូមគាំទ្រទាំងស្រុងចំពោះសមិទ្ធផលទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការយ៉ាងច្រើន ដែលកំពុងសម្រេចបានដោយ អ.វ.ត.ក និងសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការរួមចំណែកជាថវិកា និងជាសម្ភាររបស់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់ អ.វ.ត.ក។ ជាមួយគ្នានោះដែរ ឯក ឧត្តម អគ្គលេខាធិការរង អ.ស.ប ក៏បានលើកឡើងអំពីលិខិតរបស់ឯកឧត្តម អគ្គលេខាធិការ អ.ស.ប ដែលបានផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ និងបានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ចំនួនពីរចំណុច រួមមានៈ ទី១-ស្នើសុំបោះឆ្នោតគាំទ្រសំណើឧបត្ថម្ភធនដល់ភាគីអន្តរជាតិ និងទី២-បន្តផ្តល់ថវិកាដល់ភាគីជាតិនៃអ.វ.ត.កនៅឆ្នាំ២០១៩។

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានជម្រាបជូនថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើស្នើសុំរបស់ លោកអគ្គលេខាធិការ អ.ស.ប ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានអនុវត្តក្នុងរយះពេល៤ឆ្នាំកន្លងមក រួមមាន៖ ទី១- រាជរដ្ឋាភិបាល បន្តគាំទ្រសំណើឧបត្ថម្ភធនដល់ភាគីអន្តរជាតិនៃ អ.វ.ត.ក និង ទី២-រក្សាការរ៉ាប់រងលើចំណាយប្រតិបត្តិការទូទៅ និងផ្តល់ប្រាក់បៀវត្សយ៉ាងតិចចំនួន៦ខែដំបូង សម្រាប់ចៅក្រម មន្ត្រីច្បាប់ និងបុគ្គលិកជាតិ នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន៣,៩០លានដុល្លារអាមេរិក (២,៣០ លានដុល្លារអាមេរិក សមា្រប់ប្រាក់បៀវត្ស និង ១,៦០លាន ដុល្លារអាមេរិក សម្រាប់ចំណាយប្រតិបត្តិការទូទៅ)។ គោលការណ៍នេះ នឹងយកទៅប្រកាសដោយតំណាងអចិន្រ្តៃយ៍របស់កម្ពុជានៅ អ.ស.ប នៅចំពោះមុខគណៈកម្មាធិការទី៥ ដែលគ្រោងនឹងប្រជុំពិភាក្សា និងសម្រេចនៅចុងឆ្នាំ២០១៨នេះ។

តាងនាមឱ្យ លោកអគ្គលេខាធិការ អ.ស.ប លោក Miguel de Serpa Soares បានសម្តែងនូវការអរគុណចំពោះការសម្រេចដ៏ថ្លៃថ្លានេះរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គាំទ្រទាំងផ្នែកស្មារតី និងថវិកា ដល់ដំណើរការ របស់ អ.វ.ត.ក។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោក Miguel de Serpa Soares យល់ឃើញពីភាពចាំបាច់ក្នុងការថែរក្សាកេរដំណែលរបស់ អ.វ.ត.ក ដើម្បីឱ្យសាធារណៈជន និងអ្នកស្រាវជ្រាវបានយល់ដឹង អំពីដំណើរការកាត់សេចក្តី និងសមិទ្ធផលទាំងអស់ និងបានស្នើសុំឱ្យបណ្តាប្រទេសផ្តល់ជំនួយទាំងអស់ បន្តផ្តល់ថវិកាដល់ អ.វ.ត.ក ដើម្បីបញ្ចប់បេសកកម្ម និងការងាររបស់ខ្លួន ទៅដោយរលូន ជោគជ័យ និងប្រកបដោយកិត្តិយស។ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោក Miguel de Serpa Soares ឯកភាពគ្នាថានឹងទៅចូលរួមធ្វើជាសាក្សីនៅក្នុងពិធីប្រកាសសាលក្រមនៅក្នុងសំណុំ រឿង០០២/០២នៅថ្ងៃស្អែក ដែលមានអ្នកចូលរួមប្រមាណ១ ០០០នាក់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមមានជនរងគ្រោះ សិស្ស យុវជន ឥស្សរជនជាន់ខ្ពស់ និងបណ្តាអង្គទូតទាំងអស់ និងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា (TVK) និងទូរទស្សន៍ឯកជនដ៏ទៃទៀត ព្រមទាំងមានបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមកធ្វើការផ្សព្វផ្សាយផ្ទាល់ពី អ.វ.ត.ក ផងដែរ។ ជាពិសេស ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើសេចក្តីប្រកាសរួម ៕ សហការី


ចែករំលែក៖