ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដេញតាមចាប់វាយខ្នោះ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច KTV (គោលដឹនសោន) នៅម្ដុំផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យ បើកកង់បីឥណ្ឌារបស់ខ្លួនចូលច្រៀងខារ៉ាអូខេ ហើយបន្លំលួចយកទូរស័ព្ទពីនារីទទួលភ្ញៀវក្នុងបន្ទាប់ចេញមកក្រៅ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញមានកម្លាំងចម្រុះ ទាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដេញតាមកង់បីឥណ្ឌាមួយគ្រឿងដែលបើកបរដោយជនសង្ស័យម្នាក់ខាងលើ និងបានស្រែកឲ្យជួយចាប់ តាំងពីផ្លូវ២៧១ រហូតឆ្លងកាត់ផ្លូវជាតិលេខ១ដល់ត្រឹមសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏មានសមត្ចកិច្ចដកកាំភ្លើងបាញ់២គ្រាប់ឡើងលើ ដើម្បីគំរាមឲ្យឈប់ ហើយក៏ឃាត់ខ្លួនជនសង្ស័យបានយកទៅអធិការនគរបាលខណ្ឌចំការមនដើម្បីសួរនាំភ្លាមៗតែម្ដង ។
បើតាមប្រភពព័ត៌មានជុំវិញករណីខាងលើនេះ គឺ ជនសង្ស័យមានគ្នា២នាក់ បើកកង់បីឥណ្ឌាម្នាក់មួយគ្រឿងមកចូលខារ៉ាអូខេខាងលើ ខណះដល់ពេលជិតចប់កម្មវិធី ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ បានបន្លំលួចយកទូរសព្ទពីនារីអ្នកទទួលភ្ញៀវក្នុងបន្ទប់របស់ខ្លួនដើរចេញមកក្រៅ ដោយឡើងជិះកង់បីឥណ្ឌារបស់ខ្លួនបំណងគេចខ្លួនតាំងពីផ្លូវ២០០៤ រហូតឆ្លងកាត់៤ខណ្ឌផ្អើលដល់សមត្ថកិច្ចដេញចាប់បាននៅផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយសារកម្លាំងសមត្ថកិច្ចបាញ់គំរាម២គ្រាប់ទើបឈប់ និងឃាត់ខ្លួនបាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថតាង ត្រូវបាននគរបាលពហ្រ្មខណ្ឌចំការមន សាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ