ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ មានជំងឺសរសៃប្រសាទ ឡើងបង្គោលភ្លើងតង់ស្យង់ខ្ពស់ ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចទាំងយប់ថា មានករណីបុរសម្នាក់ មានជំងឺសរសៃប្រសាទ បានឡើងបង្គោលភ្លើងតង់ស្យង់ខ្ពស់ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចម្ដុំផ្ទះល្វែងទើបសាងសង់ ជាប់ដីឧកញ៉ា សៀង ម៉េង ស្ថិតតាមផ្លូវបេតុង ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមស្ត្រីជាប្រពន្ធមានឈ្មោះ រ័ត្ន ហ៊ន អាយុ៥២ឆ្នាំ មុខរបរ ធ្វើសំណង់ បានឲ្យដឹងថា ប្ដីរបស់គាត់មានឈ្មោះ យស សាវ៉ន អាយុ៤៩ឆ្នាំ មានជំងឺសរសៃប្រសាទ ជិត១០ឆ្នាំមកហើយ មុខរបរ ធ្វើការសំណង់ ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពួកគាត់មានកូន៦នាក់ ដោយរស់នៅកន្លែងធ្វើការផ្សេងៗពីគ្នាអស់ហើយ ។

ប្រភពដដែរបន្តថា នៅមុនពេលកើតហេតុ មានអ្នកធ្វើការសំណង់ដូចគ្នានឹងបានបបួលប្ដីទៅអង្គុយ ជជែកគ្នាលេង តែប្ដីរបស់គាត់ក៏ចង់ផឹកស្រា ទើបអ្នកដែលបបួលទៅនោះឲ្យគាត់ពិសារអស់មួយកំប៉ុងប៉ុណ្ណោះ បន្ទាប់មកគាត់ក៏ត្រលប់មកកន្លែងស្នាក់នៅវិញ ហើយក៏មានអាការៈ ប្រតិកម្ម ជំងឺសរសៃប្រសាទនោះ រើឡើងបែបនេះតែម្តង។

ស្ត្រីជាប្រពន្ធបន្ថែមទៀតថា លុះដល់វេលាម៉ោង៩យប់ ស្រាប់តែប្ដីរបស់គាត់រអ៊ូ រទាំហើយដើរចេញក្រៅបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានអ្នកធ្វើការជិតនោះប្រាប់ថា ប្ដីរបស់គាត់កំពុងឡើងលើបង្គោលភ្លើងតង់ស្យុងខ្ពស់ ហើយបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយចាប់ឃាត់ប្ដីរបស់គាត់ដែរ តែដោយសារចាប់មិនជាប់ ទើបបណ្ដោយឲ្យប្ដីរបស់គាត់ឡើងដល់លើបង្គោលតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់ដល់សមត្ថកិច្ចមូលដ្ឋានតែម្តង ។ ចំណែករូបគាត់ ក៏បានទូរស័ព្ទប្រាប់កូនប្រុសរបស់គាត់ បានដឹងពីដំណឹងនេះដែរ ។

បន្ទាប់មក គេឃើញកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកដល់កន្លែងកើតហេតុផងដែរ និងបានទាក់ទងរាយការប្រាប់ខាងអគ្គិសនីកម្ពុជា EDC បានដឹង និងចុះមកសហការគ្នាជួយលួងលោម បុរសខាងលើ តែទោះបីជា ស្រែកហៅ និង លួងលោម គ្រប់វិធី ក៏បុរសខាងលើ មិនព្រមចុះមកវិញដែរ បែរជាឡើងរហូតដល់ចុងបង្គោល តុងស្យុងថែមទៀត ។

អស់រយៈពេល ជិត២ម៉ោង ទើបបុរសម្នាក់ ឈ្មោះ វ័ន្ត អាយុជិត៣០ឆ្នាំ ដែលជាកូនរបស់បុរសដែលមានជំងឺសរសៃប្រសាទខាងលើ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ រួចប្រញ៉ាប់ស្រែកហៅ ឪពុករបស់គាត់ គ្រាន់តែលឺសំលេងកូនប្រុសគាត់ ភ្លាម គាត់ក៏ស្រែកតបមកវិញថា “កូនឯងមកធ្វើអី យប់ហើយ ចាំបន្តិចពុក ចុះទៅវិញហើយ “។ បន្តិចក្រោយមកបុរសដែលឡើងលើបង្គោល តង់ស្យុងដែលមានចរន្តភ្លើង អាច បង្កគ្រោះថ្នាក់ដល់ស្លាប់ បានចុះមកក្រោមវិញ រួចរត់មកឱបកូនប្រុសរបស់គាត់ ទាំងមានអារម្មណ៍ត្រេកអរ និងសប្បាយ ចិត្តយ៉ាងខ្លាំងទៀតផង ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងក្រុមគ្រួសារ បុរសដែលមានជំងឺ សរសៃ ប្រសាទ ខាងលើ បាននាំគាត់ត្រលប់ទៅកន្លែងស្នាក់នៅវិញ ដោយសុវត្ថិភាព ៕ស តារា


ចែករំលែក៖