ខេត្តកំពង់ធំ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដោយសារមានករឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង គឺជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ ។ តាមរយៈការឃុបឃិតបើកដៃឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគគ្រឹកគគ្រេង គឺលោក ហួន ផល និងលោក ហុក ម៉ន់ អាចប្រមូលលុយបានយ៉ាងច្រើនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏មានការបែងចែកទៅថ្នាក់លើផងដែរ ។
តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំពាមបាង បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់ឃើញមានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបបទល្មើសនេសាទជាច្រើនលើកផងដែរ ។ ប៉ុន្តែការបង្ក្រាបនោះពុំមានប្រសិទ្ធភាពទេ គឺគ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ ។
ជាក់ស្ដែងលោក ហួន ផល និងលោក ហុក ម៉ន់ នៅតែបន្តឃុបឃិតឲ្យអ្នកនេសាទ ធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាល គឺសូម្បីតែនៅក្នុងតំបន់អភិរក្សពូជត្រីក៏មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកើតឡើងយ៉ាងអនាធិបតេយ្យដែរ ។
សម្រាប់ បទល្មើសនេសាទខុសច្បាប់ ឈ្នក់ បាននឹងកំពុងធ្វើសកម្មភាព រាល់យប់នៅបឹងទន្លេសាប នៅចំណុច សានក្រង, បាក់ដាវ, ពេជជីក្រី, ដូនស្ដើង, ពៅវើយ និង បាឡត ក្នុងឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ ក្នុងដែនសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលសង្កាត់ពាមបាង ដែលមានលោកហួន សុផល ជា នាយសង្កាត់ ។
ប្រជាពលរដ្ឋនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ បាននិយាយឲ្យ ដឹងថា បទល្មើសនេះ គឺមានរាល់យប់ គ្រាន់តែតិច និងច្រើន តែប៉ុណ្ណោះ ។ ចំណែកការបង្ក្រាប គឺគ្រាន់ល្បែងឆ្ពិន ភ្នែកសាធារណៈជន និងសម្រាប់ធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ ។ លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ គឺជាមេខ្លោងធំបំផុតក្នុងការឃុបឃិតបើកដៃឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ ។
ដូច្នេះ លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោកសុខលូក្នុងនាមជាគណៈបញ្ជាឯកភាពខេត្តកំពង់ធំមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះនៅក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំសព្វថ្ងៃនេះបទល្មើសនេសាទប្រើ ឧបករណ៍ខុសច្បាប់ពុំមានការថយចុះនោះឡើយ ។
គួរណាស់លោក អេង ជាសាន មេជលផលម៉ាស្រុកខ្មែរ ល្មមហៅលោក យ៉ាន់ វីសាក់ ហៅ សែ មកកោសខ្យល់នៅនាយកដ្ធានជលផលម្តងហើយ កុំឲ្យលោតជើងសេះខ្លាំងពេក៕ ប៊ុនរិទ្ធី