ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងកញ្ឆា ទាញកាំបិតបុ័ងតោ កាប់ក្បាលប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីញៀនកញ្ឆាម្នាក់ ឲ្យតែស្រវឹងកញ្ឆា តែងតែប្រើហិង្សាដាក់ប្រពន្ឋញឹកញាប់ ហើយនៅយប់កើតហេតុ បានទាញកាំបិតបុ័ងតោ កាប់ក្បាលប្រពន្ឋនឹងខ្នងកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍ប្តី ប្រើហិង្សាលើប្រពន្ឋខ្លួនឯងនេះ បានកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិក្រាំងពញា ឃវាលពង់ ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ ។

ជនដៃដល់ជាប្តីឈ្មោះ សាក់ អុិន អាយុ៤៤ឆ្នាំ ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ អឿន ពៅអូន អាយុ៤៥ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅក្រោមដំបូលផ្ទះតែមួយ ក្នុងភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះ ជាប្រពន្ឋ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ ជាមនុស្សចូលចិត្តជក់កញ្ឆារាល់ថ្ងៃ មិនសូវគិតគូរការងារក្នុងផ្ទះទេ គិតតែដើរបាត់ៗពីផ្ទះ គឺព្រឹកចេញព្រលប់ចូល ហើយនៅពេលចូលដល់ក្នុងផ្ទះ តែងរករឿងប្រពន្ឋកូន ខុសនេះ ខុសនោះ រហូតហើយធ្លាប់វាយគាត់ច្រើនលើកមកហើយ តែមិនធ្ងន់ ទើបគាត់ចេះតែអត់ធ្មត់ មិនប្តឹងប៉ូលិស ដោយយល់ថា ជាកម្មក្រាស់របស់គាត់ ។

ស្ត្រីរងគ្រោះ បន្តទៀតថា នៅយប់កើតហេតុ ប្តីគាត់ បានរករឿងឈ្លោះជាមួយគាត់ ទើបគាត់ទ្រាំលែងបាន ក៏តមាត់ខ្លះៗ ស្រាប់តែប្តីគាត់ កាន់តែខឹងខ្លាំងបានស្ទុះទាញកាំបិតបុ័ងតោទុកនៅផ្ទះបាយ កាន់ខាងខ្នងកាប់ចំក្បាលគាត់ពេញទំហឹង បណ្តាលឲ្យបែកហូរឈាមស្រោចជោកពេញខ្លួន ។ ក្រោយកើតហេតុគាត់ត្រូវបានអ្នកជិតខាង ដឹកមកព្យាបាលនៅមន្ទីរពេទ្យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពវាយប្រពន្ធរួចប្រជាពលរដ្ឋ រស់នៅជិតខាង បានប្តឹងសមត្ថកិច្ច ឲ្យចុះឃាត់ខ្លួនប្តីកំណាច ចាត់ការតាមច្បាប់ ។

បច្ចុប្បន្ន ជនដៃដល់ប្រើហិង្សាលើប្រពន្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការដ្ឋាន នគរបាល ស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖