ខេត្តកំពង់ឆ្នាំង ៖ បុរសជាមេរងភូមិម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកម៉ូតូប៉ើងធ្លាក់ពីលើផ្លូវ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទី ថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវលេខ១៥៣ ត្រង់ចំណុចអូរតំណាក់ក្រសាំង ស្ថិតក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស ផាន់ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៩៥៥២ បើកបរដោយឈ្មោះ ថើស វិល័យ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឫុស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ដោយសារភូមិសាស្រ្តនេះដីហុយខ្លាំង រថយន្ត ក៏បានរេចង្កូតទៅ ជនរងគ្រោះដែលកំពុងជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A-៧៤៧៣ បណ្តាលឲ្យជនរងគ្រោះប៉ើងចេញពីផ្លូវធ្លាក់ប្រឡាយបណ្តាល់ឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុ មធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ទឹកផុស ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង អនុវត្តតាមច្បាប់ ៕ ចន្ថា