ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការក្រុងដូនកែវត្រូវរ៉ូវជាមួយភរិយាវិញហើយ តែតួនាទីនៅផ្អាកដដែល

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយរឿង លោក ឆាយ សាវុធ អធិការនគរបាលក្រុង ដូនកែវ ហូបចុកស្រវឹងប្រើអំពើហិង្សាដាក់ប្រពន្ធរួចមក ពេលនេះលោកអគ្គស្នងការនគរបាលជាតិបានចេញបញ្ជាទៅលោក សុខ សំណាង ស្នងការនគរបាលខេត្ត តាកែវ ចាត់ការបន្តលើសំណុំរឿងមួយនេះហើយឲ្យបានដិតដល់ ។

ក្រោយមានបញ្ជាពីថ្នាក់លើ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានកោះហៅ លោក ឆាយ សាវុធ មក សាកសួរ និងបានធ្វើកិច្ចសន្យាថា មិនប្រើហិង្សាដាក់ប្រពន្ធខ្លួនទៀតទេ។

លោកស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រោយសម្របសម្រួលប្ដី ប្រពន្ធនេះចប់ ក្រុមគ្រួសារខាងលើបានរៀបចំកម្មវិធីជប់លៀងមួយដោយមានភ្លេងរាំរែកសប្បាយហើយគេសង្កេតឃើញប្ដីប្រពន្ធ លោក ឆាយ សាវុធរាំកៀកកើយគ្នាយ៉ាងមានសេចក្ដីសុខ ។

លោកស្នងការបានបញ្ជាក់ចុងក្រោយ ថា បើទោះជាប្ដីប្រពន្ធលោកអធិការក្រុង ដូនកែវ បានធ្វើកិច្ចសន្យាឈប់ប្រើហិង្សាលើគ្នាយ៉ាងណាក៏ដោយ តែរឿងតួនាទីអធិការក្រុងនៅតែផ្អាកដដែល ព្រោះលោកទើបតែផ្ញើរបាយការណ៍ទៅអគ្គស្នងការនគរបាលជាតិ ។ ប៉ុន្តែមិនទាន់បានការឆ្លើយតប ឲ្យចូលកាន់តួនាទីវិញនោះទេ។

ផ្អែកតាមខ្លឹមសារដែលដាក់បញ្ជាមកលោកស្នងការខេត្តអនុវត្តបានឲ្យដឹងថា

ទី១. សូមផ្អាកការងារអធិការនគរបាលរូបនេះសិន ដើម្បី ស៊ើបអង្កេត។

ទី២. ពិនិត្យអង្គហេតុ និងសម្រុះសម្រួល ជាមួយនឹងក្រុមគ្រួសារ។ប្រសិនជាសម្របសម្រួលមិនបានទេ ត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ។

ទី៣. ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាល ដោយចេញលិខិតព្រមានផ្អាកការងារអធិការនគរបាលរូបនេះ ។

សូមរំឭកផងដែរថា កាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រភពបែកធ្លាយ មួយបានបង្ហាញថា លោក ឆាយ សាវុធ ដែល មានតួនាទីជាអធិការនគរបាលក្រុងដូនកែវនិងកំពុងត្រៀមខ្លួនឡើងតំណែងជាស្នងការរងនគរបាលខេត្តតាកែវផងនោះ បានប្រើអំពើហិង្សាដាក់ប្រពន្ធខ្លួន ឯងយ៉ាងចាស់ដៃ។ ខណៈលោកអធិការ រូបនេះស្រវឹងជោកជាំក្នុងកម្មវិធីជប់លៀងប្រកាសចូលកាន់មុខតំណែងប្រធានតុលាការខេត្តតាកែវថ្មីហើយឆ្លៀតទៅជួបស្រីស្នេហ៍ក្រោយពី ចប់កម្មវិធី ក៏ត្រូវប្រពន្ធតាមទាន់ទើបកើតការណ៍ប្រកែកគ្នាឈ្លោះរហូតបង្កជាអំពើហិង្សាដាក់ប្រពន្ធយ៉ាងចាស់ដៃបែបនេះតែម្តង ។

មិនអាចសុំការបំភ្លឺពីលោក ឆាយ សាវុធ ដែលជាជនបង្កនោះបានទេព្រោះទំនាក់ ទំនងទូរស័ព្ទមិនចូល ចំណែកលោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌នៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ តែដោយសារគ្មានពាក្យបណ្តឹងពីជនរងគ្រោះ ជំនាញលោកមិនអាចចាត់ការបាន ឡើយ។ ម្យ៉ាងទៀតជនបង្កជាមនុស្សមាន បុណ្យ ស័ក្តិខ្ពស់ផងនោះ ដូច្នេះមានតែព្រះរាជអាជ្ញាទេទើបមានសិទ្ធិចាត់ការតាមនីតិវិធី ។

ជុំវិញករណីនេះដែរមហាជននៅរង់ចាំមើលថា តើលោក ឆាយ សាវុធ អធិការ នគរបាលក្រុងដូនកែវ ដែលកំពុងត្រៀមខ្លួនឡើងជាស្នងការរងខេត្តផងនោះត្រូវបាន ច្បាប់ចាត់ការដែរឬទេ ? ស្របពេលលោកជាមនុស្សដែលទទួលបានការទុកចិត្តពីថ្នាក់លើដំឡើងតួនាទី ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធ្វើជាគំរូល្អតែបែរជាមកប្រព្រឹត្តមិនគប្បីដាក់ប្រព្ធខ្លួនឯងយ៉ាងចាស់ដៃដោយសារស្រីស្នេហ៍ទៅវិញ។

តាមប្រភពច្បាស់ការណ៍ពីខេត្តតាកែវបានឲ្យដឹងថាដោយសារអសកម្មនឹងការងារពេក និងរវល់តែនៅកន្លែងកម្សាន្ត លោក ឆាយ សាវុធ ត្រូវបានថ្នាក់លើរបស់ខ្លួនដកបញ្ឃរជើងប្រហែលមួយខែកន្លងហើយ ដោយដាក់ជំនួសអធិការរងម្នាក់ គឺលោក ឥន មណ្ឌល អធិការស្តីទី ៕ សហការី


ចែករំលែក៖