ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងសារអប់រំ ដល់ប្រជាពលរដ្ឋដើរកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឲ្យចេះកែទម្លាប់ ពីការចោលសំរាមពាសវាលពាសកាល មកត្រឹមត្រូវឡើងវិញ។ សារមួយឃ្លា ដែលមានអត្ថន័យដាស់សតិអារម្មណ៍ ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យអាណិតអាសូរអ្នកបោសសម្អាតដែលនោះគឺមានន័ថា «បរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា»។
រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនេះពីសកម្មភាពអ្នកបោសសម្អាតសំរាមនៅលើ Facebook របស់ខ្លួនដោយចង់បញ្ជាក់ ថា «បើទោះបីជាត្រូវបោសសម្អាតចាប់ពីម៉ោង១២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹកក្តី ពួកគាត់ជាអ្នកបោសសម្អាតសំរាមនៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្រស់ស្អាតនិង ដើម្បីទទួលស្វាគមន៍បងប្អូននៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ»។
នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក គេឃើញមានសំរាមជាច្រើនសន្ធឹកសន្ធាប់ នៅរាយប៉ាយពាសពេញទីធ្លា ហើយត្រូវបាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងបានទទូចដល់សប្បុរសជននានាគប្បីចូលរួមឧបត្ថម្ភដល់កម្មករប្រមូលសំរាម ដែលធ្វើការងារប្រមូលសំរាមក្នុងព្រះរាជពិធីនេះផង ខណៈលោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លូនចំនួន ១លានរៀល ផងដែរ។
ជាការពិតណាស់ ក្រៅពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏ដូចជាភ្ញៀវទេសចរមួយចំនួនហាក់ដូចជាមិនយកចិត្តទុកដាក់រក្សាសំរាមដោយខ្លួនឯងដោយមិនចោលពាសវាលពាសកាលនាំឲ្យប៉ះពាល់ដល់បរិស្ថានឬឧបត្ថម្ភដល់អ្នកបោសសំរាមនោះទេ ។ ផ្ទុយទៅវិញគេ ឮតែសំឡេងប្រកាសឧបត្ថម្ភសម្ភារ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កីឡាករអុំទូក ប៉ុន្តែដូចជាមិនទាន់ឮការប្រកាសឧបត្ថម្ភថវិកា សម្រាប់កម្មករប្រមូលសំរាមដែលកំពុងបោសសម្អាតតាមទីសាធារណៈនៃពិធីនេះនៅឡើយ ៕ ប្រាថ្នា