ព័ត៌មានទាន់ហេតុការណ៍៖

បើកគោយន្តក្រឡាប់ដោយខ្លួនឯងបណ្ដាលឲ្យ ស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកបើកបរគោយន្ដកន្រ្តៃម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នករួមដំណើរម្នាក់ផ្សេងទៀត បានបាត់បង់ជីវិតដ៏រន្ធត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកក្រឡាប់ដោយខ្លួនឯង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣បេ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញគោយន្ដកន្រ្តៃ ១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែក្រឡាប់បះជើងខ្លួនឯង បណ្ដាលឲ្យអ្នកបើកបរ រងរបួស និងអ្នករួមដំណើរស្លាប់យ៉ាងរន្ធត់ ។

ប្រភពព័ត៌មានខាងលើបន្តថា អ្នកបើកបរគោយន្ដកន្រ្តៃឈ្មោះ គឹម សាវឿន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ នូ ឌុម ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់)។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងរបួសបានបញ្ជូនទៅសង្រ្គោះ ដោយឡែក៖ វត្ថុតាងគោយន្ដកន្រ្តៃរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំស្រាវជ្រាវ និងដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖