ភ្នំពេញៈ ទោះជាមានការពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋានយ៉ាងណាក៏ដោយបទល្មើសលួច ប្លន់នៅតែកើតមានដដែលដែលករណីច្រើនតែកើតឡើងនៅគ្រាដែលកម្លាំងសមត្ថកិច្ចមានការធ្វេសប្រហែសក្នុងការចុះល្បាត់ ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កើតមានបទល្មើសលួចម៉ូតូ ២ករណីផ្សេងគ្នាក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ដែលករណីទី១ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតូបយាមមុខច្រកចូលបុរី តាង៉ូវ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ ជា សាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ យាមបុរី តាង៉ូវ ស្នាក់នៅភូមិតាង៉ូវកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងជាង៣ទៀបភ្លឺ ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ជារបស់ប្អូន ម៉ាក Suzuki Nex ពណ៌ស ស្លាកលេខ ស្វាយរៀង 1K-8392 មកទុកនៅចំណុចជិតតូបសន្តិសុខយាម មុខច្រកចូលបុរី តាង៉ូវ រួចក៏បានចូលទៅសម្រាក ក្នុងតូបយាមនោះ បានមួយភាំង ដោយមិនដឹងថា ចោរលួចចូលធ្វើសកម្មភាព កាច់ក យកម៉ូតូនោះឡើយ បន្ទាប់មកជនសង្ស័យបានអូសម៉ូតូចេញទៅក្រៅ។ ទាល់តែឮសំឡេង បញ្ឆេះម៉ូតូ ទើបភ្ញាក់ដឹងខ្លួន ហើយក៏ស្ទុះរត់ចេញទៅមើល បានត្រឹមតែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន ចេញទៅបាត់ដោយសុវត្ថិភាព ។ បន្ទាប់ពីធ្វើសកម្មភាពជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ ។
ដោយឡែកនៅវេលាម៉ោង០៥:០៥នាទី ទៀបភ្លឺ ថ្ងៃដដែល កើតមានបទល្មើសលើកទី២ លួចម៉ូតូមានស្ថានទម្ងន់នៅត្រង់ចំណុចមុខសាលាចិន ហួរ ម៉េង លើកំណាត់ផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈដែលយុវជន ប្រុស ស្រីមួយក្រុម បានជិះម៉ូតូត្រឡប់មកពីដើរលេង បុណ្យអុំទូកវិញ ត្រូវបានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច រួចជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ហើយជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ៕ សណ្តោស