ភ្នំពេញៈ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់បង្អួចកញ្ចក់ឃ្លាំង ដើម្បីលួចសម្ភារ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា ចាប់ខ្លួនបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ទទួលពាក្យបណ្តឹងពីអ្នកយាមឃ្លាំង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិ ជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះ គឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ដើមបណ្តឹង ឈ្មោះ មាស សំរឿង ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរអ្នកយាមឃ្លាំង ស្នាក់នៅចំណុចកើតហេតុ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ព្រែកប្រាបានឲ្យដឹងថា មុនពេលកើតហេតុ អ្នកយាមឃ្លាំង បានចាក់សោទ្វារឃ្លាំង រួចចូលដេកនៅក្នុងឃ្លាំង ។ រហូតដល់ម៉ោង០២ និង៣០នាទី ឈានចូលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែ ជនសង្ស័យដើរមកពីចំហៀងឃ្លាំង រួចប្រើដៃទាញបង្អួចកញ្ចក់ឲ្យរបើកមួយផ្ទាំងចូល លួចយកខ្សែនីឡុងចំនួន០៨ដុំ ពេលនោះអ្នក យាមឃ្លាំងភ្ញាក់ដឹងខ្លួនឡើងឃើញ ក៏ទាក់ទងប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យទាំងយប់តែម្តង និងដកហូតវត្ថុតាងខ្សែនីឡុងចំនួន០៨ដុំ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។
សូមបញ្ជាក់បន្ថែម ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស