ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនផឹកស៊ីលើផែទូក ចាប់ឱបថើបមិត្តស្រីរបស់គេ ឈានដល់ការធ្វើសកម្មភាពកាន់ដាវ និងវាយប្រហារ 

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបង្ក្រាបបានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន ដែលជនសង្ស័យបានប្រព្រឹត្ត ជាបន្តបន្ទាប់ ក្នុងនោះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា ០៤នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពប្រើដាវ កាប់ និងវាយ ទៅលើបុរសជនជាតិចិនម្នាក់ ពេល ដែលជនរងគ្រោះកំពុងឈរបទជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់ ។
លុះនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុច ផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធី ចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ចំនួន ០២ករណីទៀតបានកើតឡើងជាបន្តបន្ទាប់ បង្កឡើងដោយជនសង្ស័យ ០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាព ប្រើដាវ កាប់ និងវាយ ទៅលើបុរសជនជាតិចិន ០២នាក់ ពេល ដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ រាជធានីភ្នំពេញ ភ្លាមៗ ។
បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួករបស់ពួកគេបាន ម្នាក់ទៀត ។
ជនរងគ្រោះទាំងពីរលើក ៖ ទី១: រងគ្រោះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ ទី២: រងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន ០២នាក់៖ ១-ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ ២-ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន ០៣នាក់៖ ១-ឈ្មោះ យ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ អ្នកបើកម៉ូតូ ) ។ ២-ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។  ៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។
វត្ថុតាងចាប់យកបាន៖ ដាវ ០១ដើម ( ឧបករណ៍ធ្វើសកម្មភាព ), ដំបងដែករលាស់ ០១ដើម ( ឧបករណ៍ធ្វើសកម្មភាព ) និង ម៉ូតូ ០១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១FP-៨៨១២ ( មធ្យោបាយជិះធ្វើសកម្មភាព ) ។
ជនសង្ស័យទាំង ០៣នាក់នេះ បានសារភាពនៅសកម្មភាព ដែលពួកគេ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ដូច ដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារ ជនសង្ស័យបានខឹង និងជនរងគ្រោះ ដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់ឱបបមិត្តស្រីរបស់ជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង ហើយម្យ៉ាងវិញទៀត ក្រុមជនសង្ស័យថា ពួកគេស្អប់ជនជាតិចិន ។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ

ចែករំលែក៖