ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនបរទេស ) ដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង០០នាទី ស្ថិតនៅម្តុំឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពបន្តថា ក្រោយទទួលបានព័ត៌មាន ភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានប្រដេញ និងស្ទាក់ ចាប់បានជនសង្ស័យចំនួន២នាក់ នៅចំណុចលោកយាយម៉ៅ ហើយឆ្លងទៅតាមការសាកសួរជាបន្តបន្ទាប់ ក៏ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត សរុបចំនួន ៥នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្ននេះពុំទាន់បានមកដាក់ពាក្យបណ្តឹងនៅឡើយ ។
ជនសង្ស័យចំនួន ៥ នាក់ មានឈ្មោះ យិន ទីទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) , ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) , ឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់ ) , ឈ្មោះ ឆៀង វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ព្រះសីហនុ ( ជនដៃដល់ ) និងឈ្មោះ ស ម៉េង អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទទួលផលចោរកម្ម ) ។
វត្ថុតាងចាប់យកបានរួមមាន ៖ ម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១៨ ពណ៌ខ្មៅ ១គ្រឿង(មធ្យោបាយធ្វើសកម្មភាព) ។ ទូរស័ព្ទ ២ គ្រឿង ( អាយហ្វូន១គ្រឿង និង ម៉ាកOPPO ១ គ្រឿង ) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ