ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូរេទៅបុកម៉ូតូច្រាសទិសរងរបួសធ្ងន់ស្រាល២នាក់ 

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំ បានជិះម៉ូតូរេពេញផ្លូវហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសលោកតាម្នាក់ធ្ងន់ធ្ងរ និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ ថន ភឿន ភេទប្រុស អាយុ៧០ឆ្នាំ រងរបួសធ្ងន់ បាក់ជើងឆ្វេង ចំណែកចៅស្រី ឈ្មោះ តេង ស្រីលាភ អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសស្រាល ។ ចំណែកភាគីបង្ក ឈ្មោះ ស្រ៊ុន ប៊ុនណេង អាយុ៣៦ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ពុំមានរងរបួស ។
តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសស្រវឹងខាងលើ បើកម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-2902 បើកបរដោយបុរសស្រវឹងម្នាក់ កាត់តាមផ្លូវបេតុងក្នុងភូមិ ពីលិចទៅកើត ក្នុងសភាពស្រវឹងស្រា រេពេញផ្លូវ ទៅកៀររបងផ្ទះពលរដ្ឋម្តងមកហើយ តែមិនដួល ហើយបន្តដំណើរទៅមុខទៀត រេទៅបំណែកផ្លូម្ខាង ជ្រុលទៅបុកម៉ូតូ លោកតា កំពុងជិះម៉ូតូគ្រីស ពណ៌ក្រហម ពាក់ស្លាកលេខ ភ 8353 ភព1 ជិះគ្នា២នាក់ តា និងចៅស្រីជិះ ចិញ្ចើមផ្លូវបេតុងច្រាសទិសគ្នា បណ្តាលឲ្យដួល រងរបួសធ្ងន់ ចៅស្រីរងរបួសស្រាល ចំណែកភាគីមិនបានដួល ហើយក៏មិនរងរបួសដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ តា និងចៅ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯម៉ូតូទំង២គ្រឿង នគរបាលចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ សុខាសែនជ័យ

ចែករំលែក៖