ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ត្រូវបានប្រជាពលរដ្ឋ ដេញឃាត់រថយន្តបាននៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទល់មុខផែថ្ម ពេលអ្នកបើក រថយន្តចុះមកស្រែកគំរាមប្រជាពលរដ្ឋ ថាខ្លួនជាមន្ត្រីប៉ូលិសនាយរងការិយាល័យចរាចរក្រុង រួចក៏បើករថយន្តបន្តរហូតដល់ចំណុចផ្លូវព្រះមុនីវង្សកែងនឹងផ្លូវសហព័ន្ធរុស្ស៊ី ទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់រថយន្តបាន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រពភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota REVO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AF-9715 តាមបណ្តោយផ្លូវលេខ៧០ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចចំនួនមួយកង់ហើយម្ចាស់រថយន្តបង្កមិនព្រមឈប់ដោះស្រាយហើយព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ ដេញឃាត់រថយន្តបាននៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិទល់មុខផែថ្ម តែបែរជាអ្នកបើករថយន្តចុះមកស្រែកគំរាមប្រជាពលរដ្ឋ និងថា ខ្លួនជាមន្ត្រីប៉ូលិសនាយរងការិយាល័យចរាចរក្រុង រួចក៏បើករថយន្តបន្តរហូតដល់ចំណុចផ្លូវព្រះមុនីវង្សកែងនឹងផ្លូវសហព័ន្ធរុស្ស៊ីទើបខាងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់រថយន្តបាន ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរក្រុង ចុះមកឃាត់ខ្លួនអ្នកបើករថយន្តបង្ក និងរថយន្តយកទៅការិយាល័យចរាចរក្រុង រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ