ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាត​ ភាគីខាងរងគ្រោះបែរជាមកឈ្លោះជាមួយអ្នកព័ត៌មានទៅវិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ​ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស បុកជាមួយរថយន្តកូរ៉ូឡា បណ្ដាលឲ្យរងការខូចខាត​ ហើយម្ចាស់រថយន្តកូរ៉ូឡា ហាមមិនឲ្យអ្នកព័ត៌មានថត​ និងរករឿងអ្នកព័ត៌មានផ្អើលពេញផ្លូវ​ ។

ហេតុការណ៍នេះដែរ​ បានកើតឡើងនៅវេលាម៉ោង១១​ និង២០នាទីយប់​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅតាមបណ្ដោយផ្លូវលេខ៣៦០​ កែងផ្លូវលេខ១៤៣​ ក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញមានរថយន្តរងគ្រោះម៉ាក​ កូរ៉ូឡា​ ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ​ 2C-8663​ បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០​ ទិសដៅពីលិចមកកើត​ក្នុងល្បឿនល្មម​ ខណៈមកដល់ផ្លូវបែកជាបួន​ កែងផ្លូវលេខ១៤៣​ ស្រាប់តែមានរថយន្តបង្កម៉ាក​ ឡិចស៊ីស RX300​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AF- 1115​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ ហើយមិនប្រ័យត្ន​ និងចាប់ហ្វ្រាំងមិនទាន់​ ក៏បុករថយន្តកូរ៉ូឡាចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ រីឯរថយន្តបង្ករងការខូចខាតពីមុខតិចតួច​ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ​ ។

ក្រោយកើតហេតុ​ ភាគីរថយន្តបង្កម៉ាកឡិចស៊ីស ​RX300​ ព្រមសងថ្លៃខូចខាតទៅលើរថយន្តរងគ្រោះម៉ាកកូរ៉ូឡា​ ចំនួន១ពាន់ដុល្លារដើម្បីបញ្ចប់រឿង​ ហើយក្នុងអំឡុងពេលភាគីបង្ក​ និងភាគីរងគ្រោះកំពុងសម្រួលដោះស្រាយគ្នា​ ក៏មានក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព​ តែត្រូវបានភាគីរងគ្រោះហាមមិនឲ្យថត​ និងឈ្លោះជាមួយអ្នកសារព័ត៌មានថែមទៀត​ ដោយចោទប្រកាន់ថា​ មកពីក្រុមអ្នកសារព័ត៌មានថតរូបគាត់​ ទើបធ្វើឲ្យរូបគាត់ បាត់បង់ការងារ ៕ ភារ៉ា ដង្កោ


ចែករំលែក៖