ភ្នំពេញ ៖ បុរសម្នាក់ រួមជាមួយ និងម្ដាយ បានបើករថយន្តមួយគ្រឿងដឹកស្លឹកម្កាក់ ឡើងពេញរថយន្តបំណងយកទៅលក់ តែស៊យអីបែរជារអិលកង់មុខ រេចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់រថយន្តផ្ងារជើងទ្រមេឃ តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទូលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស្លេ ពាក់ស្លាកលេខភ្នំពេញ 2E-6924 ។
បើតាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តបង្កខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេព្រមជាមួយ និងម្ដាយ បានបើករថយន្តដឹកស្លឹកម្កាក់ ពីចំពូក្អែក មកផ្សារដើមគដើម្បីលក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដោយសាររថយន្តគាត់បែកកង់ ហើយដូរកង់រាងចាស់ពេក ព្រមទាំងមេឃភ្លៀងផង ក៏រអិលបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ យ៉ាងច្រងាង តែមិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កខាងលើបានហៅរ៉ឺម៉កសណ្ដោងមកដឹកស្លឹកម្កាក់នៅក្នុងរថយន្តយកទៅលក់បន្ត រីឯរថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ