នៅពេលនេះ យ៉ាងអវកាស InSight បានចុះចត់ដោយជោគជ័យ នៅលើភព ព្រះអង្គារ ដោយបាន ធ្វើដំណើរចម្ងាយផ្លូវ ៣០១.២២៣.៩៨១ម៉ៃល៍ (៤៨០.០០០.០០០គិឡូម៉ែត្រពីផែនដី)ជាមួយនឹងល្បឿនលឿនរហូតដល់ទៅ៦.២០០ម៉ៃល៍ក្នុង១ម៉ោងនៅក្នុងទីអវកាស ។
ប៉ុន្មាននាទីក្រោយពេលចុះចត យានអវកាស Insightបានបញ្ជូនសំឡេងផ្តល់សញ្ញាផ្លូវការមកកាន់អង្គការ NASAដើម្បីបញ្ជាក់ថា វាបានចុះចតដោយសុវត្ថិភាព ដោយភ្ជាប់មកជាមួយទាំងរូបថតលើផ្ទៃភពព្រះអង្គារ ជាកន្លែងដែលវាបានចុះចតទៀតផង ។
ដោយឡែក ក្រុមគ្រប់គ្រងនៅឯមន្ទីរពិសោធន៍ និងស្រាវជ្រាវ Jet Propulsion Laboratory របស់អង្គការ NASA បានផ្ទុះការអបអរសាទរ និងសប្បាយរីករាយ ក្រោយការចុះចតប៉ះនឹងដីភពព្រះអង្គារ ត្រូវបានគេប្រកាសឲ្យដឹង ។ ការចុះចតនេះដែរ ត្រូវបានគេមើលនៅទូទាំងពិភពលោក ហើយថែមទាំងមានការផ្សាយផ្ទាល់លើអគារប៉មផ្សារភាគហ៊ុន Nasdaq Stock Market ស្ថិតនៅក្នុងទីលានកម្សាន្ត Times Square របស់ទីក្រុងញូវយ៉ក់ ថែមទៀតផង ។
អំឡុងសន្និសីទកាសែតមួយរបស់អង្គការ NASAក្រោយការចុះចត ក្រុមអវកាសយានិកនៅឯស្ថានីយអវកាសអន្តរជាតិ បានទូរស័ព្ទដើម្បីសម្តែងការអបអរសាទរដល់ក្រុមបេសកកម្ម ហើយពួកគេបាននិយាយថា ពួកគេបានតាមដានការផ្សាយមួយនេះដោយក្តីរំភើប និងយកចិត្តទុកដាក់ជាទីបំផុត ។
តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល ០២ឆ្នាំ តាមការគ្រោងទុក ។ បន្ទាប់ពីការចុះចតជោគជ័យនោះ យាន InSightក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA ផងដែរ រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSightនោះគឺ MarCoCubeSats ។
គួរបញ្ជាក់ថា InSightបានចុះទៅជាន់ដល់លើផ្ទៃរបស់ Mars នាវេលាម៉ោងប្រហែល ០៣៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) ក្រោយការធ្វើដំណើរសរុបចម្ងាយ ៤៨០លានគីឡូម៉ែត្រពីផែនដី ។
បើតាមក្រុមការងារបេសកកម្ម InSightក្នុងរយៈពេល ០២ម៉ោង មុនមុជចូលក្នុងបរិយាកាសរបស់ Mars គឺមានការបញ្ជូនកូដមួយចំនួនទៀតទៅឲ្យវាជាលើកចុងក្រោយ ដែលបានជួយនាំផ្លូវយានអវកាសនេះ ឲ្យចុះចតដោយជោគជ័យ ហើយក្រោយពីនោះអ្វីៗផ្សេងទៀត ត្រូវបានប្រព្រឹត្តទៅក្រោមការបញ្ជាដោយស្វ័យប្រវតិ្ត នៅលើយាន InSightផ្ទាល់ ។
InSightបានប្រើប្រាស់ខែលពិសេសមួយ ដើម្បីទប់ទល់កម្តៅប្រមាណ ១,៥០០អង្សាសេ នៅពេលវាទម្លាក់ខ្លួនជាមួយល្បឿនជិត ២០,០០០គិឡូម៉ែត្រក្នុងមួយម៉ោងឆ្លងកាត់បរិយាកាសភពអង្គារ ។ ក្រោយមកទៀត វាបានប្រើឆត្រយោងដើម្បីបន្ថយល្បឿន រួចផ្តាច់ខ្លួនចេញពីខែលការពារកម្តៅ ។ ពេលនោះ InSightបានចាប់ផ្តើមបញ្ចេញជើងទម្រទាំងបីរបស់វា ហើយផ្តាច់ឆ័ត្រយោងចោល និងបញ្ឆេះរ៉ុក្កែតទប់ល្បឿន ដើម្បីធ្វើការចុះចតដោយសន្សឹមៗនៅតំបន់ Elysium Planitiaនៃ Mars ដោយជោគជ័យតែម្តង ។
នៅពេលវាបានចុះទៅដល់ដោយសុវត្ថិភាពហើយនោះ InSightបានលាតផ្ទាំងសូឡា ហើយបញ្ចេញដៃរ៉ូបូតរបស់វា ។ មិនដូចទៅនឹងយានប្រភេទ Rover របស់ NASA ឡើយ InSightគឺជាប្រភេទ Lander ជាយានដែលរចនាឡើង ដើម្បីសិក្សាភពមួយទាំងមូល តែវានឹងស្ថិតនៅតែមួយកន្លែងប៉ុណ្ណោះ ។ យាន InSightជាយានទី ៧ របស់អង្គការ NASA ដែលបានជាន់ដីភពអង្គារ ដោយជោគជ័យ៕ ម៉ែវ សាធី