ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងតម្លៃប្រេងសាំងឡើងថ្លៃ ក្នុងទីក្រុង ប៉ារីស ក្លាយជាហិង្សា មនុស្ស ៨នាក់ត្រូវបានចាប់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Monde របស់បារំាង បានផ្សាយថា កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធនឹង បាតុកម្មប្រឆាំងតម្លៃប្រេងឡើងថ្លៃបង្កឲ្យមានអំពើហិង្សា នៅទីក្រុងប៉ារីស ។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលបានចាប់ខ្លួន គឺដោយមូលហេតុ បង្កហិង្សាជាមួយ កម្លាំងប៉ូលិស ។

នៅក្នុងអំពើហិង្សានោះ បណ្តាលឲ្យប៉ូលិស ៣នាក់រងរបួស ពេលកំពុងតែបំពេញការងារ រារាំង ក្រុមបាតុករ ដែលគប់ដុំថ្ម ទៅលើ ប៉ូលិស និងដុតបំផ្លាញសម្ភារ បង្កឲ្យមានភាពចលាចល ។ បាតុកម្មកើតឡើងក្រោយពេល តម្លៃប្រេងសាំងឡើងថ្លៃនៅទូទាំងប្រទេស ។

នៅកណ្តាលទីក្រុងប៉ារីស កម្លាំងសន្តិសុខ បានបង្ខំចិត្ត ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងបាតុករដែលបានដង្ហែក្បួនសម្តៅ ទៅ តំបន់ហាមឃាត់ Place De la Concorde ។

តាមមន្ត្រីប៉ូលិសបារាំងបានឲ្យដឹងថា មានបាតុករប្រមាណជាង ២៣ពាន់នាក់ ចូលរួមនៅក្នុងមហាបាតុកម្ម ទូទាំងប្រទេស ក្នុងនោះមាន ៨ពាន់នាក់ នៅក្នុងទីក្រុងប៉ារីស និង៥ពាន់នាក់នៅមហាវិធី Champs Elysees ។

ប្រភពព័ត៌មានបានឲ្យដឹងថា បាតុករប្រឆាំង ខាងលើកើតឡើងក្រោយពេលរដ្ឋាភិបាលបារាំង បានប្រកាសថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តម្លៃប្រេងសំាង នឹងឡើងថ្លៃបន្ថែម ២,៩ សេនអឺរ៉ូ ,ចំណែក ប្រេង ម៉ាស៊ុត Diesel ឡើងថ្លៃបន្ថែម៦,៥សេនអឺរ៉ូ (eurocent)ក្នុងមួយលីត្រ ។ នៅក្នុងឆ្នាំ ២០១៨នេះ តម្លៃប្រេងសាំងក៏បានកើតឡើង រហូតដល់ទៅ ១៥ភាគរយ ចំណែក ប្រេងម៉ាស៊ុត ឡើងដល់ ២៣ភាគរយៈ៕ ម៉ែវ សាធី


ចែករំលែក៖