ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្អូនថ្លៃលោកស្នងការខេត្តព្រះវិហារ កាក់កបសម្បើម

ចែករំលែក៖

មន្ត្រីនគរបាលសេដ្ឋកិច្ច​មួយរូប ដែលជាប្អូនថ្លៃលោកស្នងការនគរបាលខេត្តព្រះវិហារ ត្រូវគេអះអាងថា កំពុងកាក់កបសម្បើម​ក្នុងការងាររបស់ខ្លួន ពីការរកប្រាក់ច្រកហៅប៉ៅ ។ នោះគឺលោក ម៉េង ភក្តី ជាប្អូនថ្លៃស្នងការនគរបាលខេត្តព្រះវិហារ បានបោះ​ទីតាំងលើព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីចាំបង្ក្រាបរថយន្តដឹកគ្រឿងសិប្បកម្ម និងរថយន្តដឹកបទល្មើសព្រៃឈើ ។

ប្រភពរាយការណ៍ថា ស្នាក់ការរបស់​មន្ត្រី​ខាងលើនេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ​៦៤ ត្រង់ចំណុចភូមិអូរប្រាំព្យាម ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលមានព្រំប្រទល់នៅជាប់ស្រុកស្វាយលើ ខេត្តសៀមរាប ។ នៅទីនេះ គេបានដាក់​ប្រជាពលរដ្ឋម្នាក់ ដែលជាជនស៊ីវិល ឲ្យស្លៀកពាក់ជាឯកសណ្ឋានចាំមើលផ្លូវរថយន្តដឹក​គ្រឿងសិប្បកម្ម និងដឹកបទល្មើសព្រៃឈើ ។ គេរាយការណ៍ថា កាលពីប៉ុន្មានថ្ងៃមុន បុរសម្នាក់ដែលប្រចាំការនៅស្នាក់ការខាងលើ បានវាយបំបែកកញ្ចក់រថយន្តប្រជាពលរដ្ឋ ដោយស្មានថា ជារថយន្តដឹកបទល្មើស ។

ប្រភពបានបន្ថែមថា ពួកឈ្មួញ ដែលដឹក​គ្រឿងសឹង្ហរឹម និងដឹកឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តសៀមរាប​ត្រូវបង់ប្រាក់ជូនលោកក្រុមលោកម៉េង ភក្តីដោយចៀសមិនផុតនោះឡើយ ។ រីឯចំនួនទឹក​ប្រាក់ គឺទៅតាមទំហំ នៃបទល្មើស ដូចជារថយន្តដឹកគ្រឿងសឹង្ហារឹម ត្រូវបង់៥ម៉ឺនរៀល ប៉ុន្តែបើដឹកទ្វារបង្អួច ចាប់ពី​២ឬ៣សន្លឹកឡើងទៅ ត្រូវបង់​១៥ម៉ឺនរៀលក្នុងមួយជើង ។ អ្វីដែលគេកត់សម្គាល់នោះ ការដាក់ស្នាក់ការរបស់លោក ម៉េង ភក្តី មិនមែនតែមួយ​កន្លែងនោះទេ គឺ​គ្រប់ផ្លូវចេញ ចូល ខេត្តព្រះវិហារ ហើយពិសេស​ជាងនេះ គឺលោកយកជនស៊ីវិល​ឲ្យស្លៀកពាក់ឯកសណ្ឋាននគរបាល ដើម្បីចាំទារប្រាក់ពីអ្នកដឹកជញ្ជូនបទល្មើស ៕

 


ចែករំលែក៖