ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់់គ្រឿងញៀនច្រើនទាញដាវកែច្នៃកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ម្តាយទ្រាំលែងប្តឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានប្រើប្រាស់់នូវសារធាតុញៀនច្រើនពេក សង្ស័យបែកថ្នាំបានរករឿង និងយកដាវដាវសាម៉ូរ៉ៃកែច្នៃ កាប់បំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះធ្វើឲ្យម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួន ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង០០នាទី នៅចំណុចបន្ទប់ជួលលេខ៦២៧ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា៖ ជនសង្ស័យខាងលើ ឈ្មោះ ហម សៀវហ្វី ភេទប្រុស អាយុ២៤ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៦២៧ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា នៅម៉ោងកើតហេតុលោកបានទទួលព័ត៌មានពីក្រុមគ្រួសារតាមទូរស័ព្ទ ថា មានជនសង្ស័យខាងលើ កំពុងយកដាវកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងកាន់ដាវសាម៉ូរ៉ៃកែច្នៃអុកឡុកក្នុងផ្ទះ ទើបនាំខ្លួនជនសង្ស័យយកមកសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា


ចែករំលែក៖