ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Nancy Pelosi នឹងក្លាយជាប្រធានរដ្ឋសភា អាមេរិកម្តងទៀត

ចែករំលែក៖

លោកស្រី Nancy Pelosi អតីតប្រធានរដ្ឋសភា មកពីគណបក្សប្រជាធិបតេយ្យ នឹងក្លាយជាប្រធានរដ្ឋសភាអាមេរិក ជាថ្មីម្តងទៀត ក្រោយពេលទទួលបានសម្លេងគាំទ្រភាគច្រើន ក្នុងការជ្រើសរើសរបស់គណបក្សប្រជាធិបតេយ្យ ។

ជាមួយនឹងសម្លេងគាំរហូតដល់ទៅ ២០៣ សម្លេង លោកស្រី Nancy Pelosi កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ត្រូវបានសមាជិកគណបក្សប្រជាធិបតេយ្យ សម្រេចជ្រើសរើសធ្វើជាប្រធានរដ្ឋសភា អាមេរិក ក្រោយពេល គណបក្សនេះ ទទួលបានសម្លេងភាគច្រើនគ្រប់គ្រងរដ្ឋសភាជាតិ ។

តាមគម្រោង លោកស្រី Pelosi ដែលជាបុគ្គល និងជាស្ត្រីដំបូង ធ្លាប់កាន់តំណែង ប្រធានរដ្ឋសភាអាមេរិក នៅក្នុងដំណាក់កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ ។ នៅក្នុងខែមករាឆ្នាំ ២០១៩ នឹងមានការបោះឆ្នោតនៅសភា ពេល ដែលអាណត្តិថ្មី ចាប់ផ្តើមធ្វើការ ។

តាមគម្រោង លោកស្រី Nancy Pelosi ត្រូវការសម្លេងគាំទ្រ ២១៨សម្លេង ដើម្បីក្លាយជាប្រធានរដ្ឋសភាអាមេរិក ។ មានប្រសាសន៍ក្រោយពេលគណបក្សប្រជាធិបតេយ្យ បោះឆ្នោតជ្រើសរើសលោកស្រី Nancy Pelosi បានបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង នៅពេលដែល មានឱកាសបានធ្វើជាប្រធានរដ្ឋសភា ជាថ្មីម្តងទៀត» ។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រភពព័ត៌មាន បានឲ្យដឹងថា មានក្រុមតំណាងរាស្ត្រមួយក្រុមតូច របស់គណបក្សប្រជាធិបតេយ្យ មិនគាំទ្រ លោកស្រី ឲ្យកាន់តំណែង ជាប្រធានរដ្ឋសភា ដោយពួកគាត់យល់ថាគណបក្សប្រជាធិបតេយ្យត្រូវការ មនុស្សថ្មី និងក្មេងជាងនេះ ជាប្រធានរដ្ឋសភា ។

ចំណែកលោកស្រី Pelosi ដែលមានបទពិសោធន៍នៅក្នុងការដឹកនាំសភា អាមេរិក ត្រូវបានក្រុមអ្នកឯកទេសវាយតម្លៃថា នឹងទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ដើម្បីក្លាយជាប្រធានរដ្ឋសភាជាថ្មីម្តងទៀត ៕ ម៉ែវ សាធី


ចែករំលែក៖