ខេត្តក្រចេះ ៖ លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ បាននិងកំពុងបំពេញតួនាទីភារកិច្ច ប្រាស់ចាកទៅនឹងគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងផ្ទុយអំពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងអនុក្រឹត្យលេខ៦៨ បង្កើតឲ្យមានអំពើពុករលួយ លក្ខណៈទ្រង់ទ្រាយធំ ខណៈខ្លួនមានលទ្ធភាព រកចំណូលបំពេញតម្រូវការថ្នាក់លើ ទប់ទល់តំណែងរបស់ខ្លួន និងមានសែស្រឡាយអ្នកធំៗ រហូតដល់ហ៊ានប្រព្រឹត្ត គាបសង្កត់ជំរិតយកលុយពីឈ្មួញ ដឹកជញ្ជូនទំនិញទាំងស្របច្បាប់ និងករណីបង់ពន្ធមិនគ្រប់ ឬរថយន្តកុងតឺន័រដឹកទំនិញ លោតឆត្រឆ្លងពីវៀតណាមចូលទឹកដីខ្មែរ រួចបែរក្បាលត្រឡប់ទៅចូលទឹកដីវៀតណាមវិញ ក៏តម្រូវឲ្យបង់លុយក្នុងកម្រិតខ្ពស់បំផុត ។
ក្រុមឈ្មួញបានលើកឡើងថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គាត់មានតួនាទី ភារកិច្ច ជាអ្នកត្រួតពិនិត្យលើទិដ្ឋាការឆ្លងដែនរបស់ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាជួយបំពេញបែបបទឯកសារផ្សេងៗជូនថ្នាក់ដឹកនាំប្រតិភូឆ្លងកាត់ ប្រជាពលរដ្ឋ មានធុរៈ ជំងឺ នេះជាដើម ។ ពិសេស លោកកើត ដារ៉ាស៊ី មានភារកិច្ច ទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ជនអន្តោប្រវេសន៍ ផ្ទុយទៅវិញ លោក កើត ដារ៉ាស៊ី បានយកអំណាច និងតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ កើតឡើងជាវប្បធម៌ ដ៏អាក្រក់ ទន្ទឹមនឹងខ្លួនមានភារកិច្ចឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍គ្រប់គ្រងបារ៉ាស់នោះ?
ក្រុមឈ្មួញបានបញ្ជាក់ផងដែរថា គ្រប់រថយន្តដឹកទំនិញ ទាំងប្រភេទយីឌុប ទាំងប្រភេទកុងតឺន័រ ដោយមិនចាំបាច់ គិតថា រថយន្តដឹកទំនិញនោះបង់ពន្ធគ្រប់ បង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ ក្លែងភេទទំនិញបង់ពន្ធ ចាំបាច់ ត្រូវតែបង់ក្បាលឡានជូនទៅលោក កើត ដារ៉ាស៊ី ក្នុងមួយឡានយីឌុប ឬមួយកុងតឺន័រនោះ ចំនួន២៥០ដុល្លារ ។ ជាក់ស្តែង ក្នុងមួយថ្ងៃ យ៉ាងតិចក៏មានរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺនេះ ចាប់ពី៣០គ្រឿងទៅ៥០គ្រឿង ឬឈានដល់១០០គ្រឿង ។ ដូច្នេះ ក្នុងមួយថ្ងៃៗ លោកកើត ដារ៉ាស៊ី ទទួលបានចំណូលដោយរូបភាពអំពើពុករលួយ កើតឡើងដោយការជំរិត បង្ខំឲ្យឈ្មួញបង់ប្រាក់ក្បាលឡាននេះ ក្នុងមួយខែរាប់ម៉ឺនរាប់សែនដុល្លារ ហើយ ក៏គេទទួលស្គាល់ថា ការប្រព្រឹត្តយកលុយពីឈ្មួញបែបនេះ អាចនឹងមានអំពើឃុបឃិតគ្នាណាមួយរវាងឈ្មួញ នឹងលោក កើត ដារ៉ាស៊ី ឬលោក កើត ដារ៉ាស៊ី មានចំណុចភ្លើងខៀវណាមួយពីថ្នាក់លើ ដែលពាក់ព័ន្ធនឹងការទាញយកលាភសក្ការនៃអំពើពុករលួយដ៏ធ្ងន់ធ្ងរនេះ? ។
បន្ទាប់ពីការយកប្រាក់របៀបនេះ នៅមានអំពើពុករលួយ ករណីឃុបឃិតជាមួយឈ្មួញ ក្រុមហ៊ុនឯកជន ក្នុងចេតនាទុច្ចរិត បំបាត់ពន្ធនាំចូលរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរលើសពីនេះ ខណៈជាទម្លាប់ លោកកើត ដារ៉ាស៊ី បានឲ្យរថយន្តកុងតឺន័រដឹកទំនិញរបស់ឈ្មួញវៀតណាម ដឹកទំនិញប្រភេទដែលប្រទេសវៀតណាមហាមឃាត់មិនឲ្យនាំចូល ឬកាត់សៀវ នៅក្នុងទឹកដីវៀតណាម មានន័យថា ទំនិញប្រភេទនេះ ត្រូវតែ ទ្រែនស្លីប ពីបរទេសឆ្លងកាត់វៀតណាម ចូលទឹកដីកម្ពុជា ប៉ុន្តែ ឈ្មួញមានល្បិច គឺនាំទំនិញទាំងនេះពីបរទេសឆ្លងកាត់វៀតណាម រួចចូលទឹកដីខ្មែរបានត្រឹមពីរទៅបីគីឡូម៉ែត្រ ក៏ បែរក្បាលត្រឡប់ទៅទឹកដីវៀតណាមវិញ ក្នុងរូបភាព ជាទំនិញដែលនាំចូលពីប្រទេសកម្ពុជា ក្នុងនោះ លោក កើត ដារ៉ាស៊ី បានយកប្រាក់ក្នុងមួយកុងតឺន័រ២៥០០ដុល្លារ ។ ចុះបើករណីឡានចូល ហើយបែរក្បាលត្រឡប់ទៅវិញ យកមួយឡានកុងតឺន័រ២៥០០ដុល្លារនោះទៅហើយ តើក្នុងមួយថ្ងៃ ការយកប្រាក់ដោយរបៀបនេះមានរថយន្តប៉ុន្មានកុងតឺន័រ ដែលជាចំណូលរបស់លោក កើត ដារ៉ាស៊ី ?
ដោយឡែក បញ្ហាឡានកុងតឺន័រវៀតណាមចូលទឹកដីខ្មែរ រួចត្រឡប់ក្បាលចូលទឹកដីវៀតណាមវិញ ដើម្បីឲ្យក្លាយទៅជាទំនិញស្របច្បាប់នាំចូលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមដោយស្របច្បាប់ ក្រុមឈ្មួញ ឬក្រុមហ៊ុន ត្រូវចំណាយប្រាក់គ្រប់សមត្ថកិច្ចទាំងអស់នៅមាត់ច្រក អស់ចំនួន៥ពាន់ទៅ៦ពាន់ដុល្លារ ក្នុងនោះមានតែលោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គ្រាន់តែអង្គភាពរបស់គាត់មួយ គឺយក២៥០០ដុល្លារ លើសពីអង្គភាពស្ថាប័នជាច្រើនទៀត ដែលមានតួនាទី ភារកិច្ច នៅមាត់ច្រក តាមអនុក្រឹត្យលេខ៦៨នោះ ។
ពាក់ព័ន្ធអំពើពុករលួយខាងលើនេះ លោក កើត ដារ៉ាស៊ី បានបដិសេធន៍ និងមិនទទួលស្គាល់ថា អំពើនេះ បានកើតឡើង ក្នុងនោះ តាមទូរស័ព្ទជាមួយអង្គភាពនគរវត្ត នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក កើត ដារ៉ាស៊ី បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបដោយត្រង់ បញ្ហាថា យកលុយក្បាលឡាននេះ… ជាគោលការណ៍របស់ខ្ញុំ ក្នុងនាមជាមេនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារ ដាច់ខាតមិនអនុញ្ញាតឲ្យមន្ត្រីណាម្នាក់ ប្រព្រឹត្តអំពើពុករលួយ ឬយកលុយដោយរបៀបនេះទេ» ។ លោក កើត ដារ៉ាស៊ី បន្តថា ព្រោះការយកលុយបែបនេះ មិនមែនជាគោលការណ៍របស់ថ្នាក់លើ ហើយក៏មិនមែនជាភារកិច្ចរបស់ខ្ញុំ និងមន្ត្រីរបស់ខ្ញុំដែរ និយាយរួម ខ្ញុំសូមបញ្ជាក់ថា មិនឲ្យមន្ត្រីណាម្នាក់ប្រព្រឹត្តដោយខុសច្បាប់ឡើយ ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមទូរស័ព្ទជាមួយអង្គភាព នគរវត្ត នាព្រឹកថ្ងៃខែឆ្នាំដដែលនេះ លោកមិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហាខាងលើនេះទេ ដោយលោកគ្រាន់តែបញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា ខ្ញុំសូមប្រាប់ផងដែរ បញ្ហាមន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវសួរទៅខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គាត់នឹងធ្វើការបកស្រាយណាមួយពីគោលការណ៍របស់អង្គភាពគាត់ ។ ដោយឡែក លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ អង្គភាពនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ ខណៈទូរស័ព្ទចូលគ្មានអ្នកទទួល ។
គួររំលឹកផងដែរថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គាត់មានឱកាសប្រព្រឹត្តអំពើពុករលួយ តាមរយៈការគាបសង្កត់ជំរិត បង្ខំឲ្យឈ្មួញបង់ប្រាក់គិតជាក្បាលឡាននេះ ដោយសារតែគាត់ កើត ដារ៉ាស៊ី បានក្តោបព័ត៌មានយ៉ាងណែនពេញដៃ ពាក់ព័ន្ធនឹងឈ្មួញយ៉ាងតិចចំនួន៣ក្រុមហ៊ុន ដែលបាននាំចូលទំនិញឆ្លងកាត់ចូលតាមច្រកមួយនេះមានភាពមិនប្រក្រតី ក្នុងការដឹកជញ្ជូនទំនិញ ការបង់ពន្ធ និងឯកសារខ្លះ មានភាពមិនប្រក្រតី ក្នុងឯកសារប្រតិវេទន៍គយជាដើម ។ ជាក់ស្តែង ក្រុមហ៊ុនមួយ ដែលកំពុងមានសិទ្ធិ ឃ្លៀ ទំនិញជុំវិញពិភពលោក ដើម្បីនាំមកកាន់ប្រទេសកម្ពុជា គាត់ហ៊ានដឹកជញ្ជូនទំនិញពីបរទេស គ្រប់ប្រទេលលើពិភពលោក ហើយ ចូលមកកម្ពុជា ម៉ៅការឲ្យទាំងស្រុង ក្នុងតម្លៃសេវាទាប ។ ឧទាហរណ៍ជាក់ស្តែងមួយ បើនាំចូលសម្បកកង់រថយន្ត ក្នុងមួយកុងតឺន័រ ក្នុងតារាងបង់ពន្ធនាំចូល ត្រូវអស់ទឹកប្រាក់យ៉ាងតិចចាប់ពី២ម៉ឺនដុល្លារឡើងទៅ ប៉ុន្តែក្រុមហ៊ុនមួយនេះ មិនត្រឹមតែច្រកអន្តរជាតិ ត្រពាំងស្រែ-វ៉ាលឺ ប៉ុណ្ណោះទេ គ្រប់ច្រកទាំងអស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គាត់ចេញមុខធានា នាំចូលដឹកជញ្ជូនទំនិញប្រភេទនេះ បានដល់គោលដៅទាំងនៅរាជធានី និងនៅតាមបណ្តាខេត្ត ក្នុងនោះ ក្រុមហ៊ុនគិតតម្លៃត្រឹមតែ១កុងតឺន័រ ៦ពាន់ដុល្លារប៉ុណ្ណោះ ។ បញ្ហានេះហើយ ដែលជាអំពើពុករលួយកើតឡើងដោយលក្ខណៈប្រព័ន្ធ ហើយ គេក៏ពុំទាន់ដឹងថា ករណី ឃ្លៀ ទំនិញបង់លុយរបៀបនេះ ក៏ដូចជាករណីក្បាលឡានកុងតឺន័រវៀតណាមចូលទឹកដីខ្មែរ រួចបែរក្បាលត្រឡប់ទៅវិញ បង់ប្រាក់ឲ្យលោកកើត ដារ៉ាស៊ី ក្នុងមួយឡាន ២៥០០ដុល្លារ ឬក្នុងសមត្ថកិច្ចមាត់ច្រកទាំងអស់ត្រូវបង់អស់ចំនួន៥ទៅ៦ពាន់ដុល្លារនេះ ថ្នាក់លើបានជ្រាបដែរ ឬមួយយ៉ាងណានៅឡើយទេ ។
បើករណីនេះ មិនមានការស៊ើបអង្កេតស្រាវជ្រាវ ប្រកបដោយតម្លាភាពទេនោះ ជនប្រព្រឹត្តអំពើពុករលួយ នៅតែបន្តធ្វើសកម្មភាពដើម្បីកេងយកផលចំណេញ សម្រាប់ជាប្រភពសេដ្ឋកិច្ចរបស់ខ្លួន និងបក្ខពួក ក៏ដូចជាតម្រូវបំពេញឆ្នាំងបាយឲ្យថ្នាក់លើ ដែលខ្លួនទទួលបានចំហាយអំណាច ។ ប៉ុន្តែចំណូលពន្ធនាំចូលរបស់រដ្ឋ ត្រូវបានបាត់បង់ ហើយក៏ជាអំពើដ៏មិនគប្បីកើតមានក្នុងសង្គមនៃប្រទេសមួយ គ្រប់គ្រងដោយច្បាប់ ប្រកបដោយសុខសន្តិភាព កំណែទម្រង់រដ្ឋបាល ប៉ុន្តែនៅមានក្រុមមន្ត្រីគ្រាប់ល្ពៅ ឬក្រុមមន្ត្រី កន្ទេលធំបន្លំដេក បែបនេះតទៅទៀតនោះទេ ៕ សុខ ខេមរា