ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសRX៣៣០ ប៉ះជាមួយម៉ូតូមួយគ្រឿងបើកបរនឹងរួមដំណើរដោយបុរស៣នាក់ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបានព្យាយាមបើករត់ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់មកវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ ចំណុចគល់ស្ពានបេឡេត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពពត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-2-0337 ធ្វើដំណើរលើស្ពានបេឡេ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-3667 បើកបរនឹងរួមដំណើរដោយបុរស៣នាក់ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលដួលបោកនឹងថ្មលរងរបួសធ្ងន់ទាំង៣នាក់ ។ ចំណែករថយន្តមិនបានឈប់ទទួលខុសត្រូវ នោះទេបានបន្ថែមល្បឿនបើករត់មកដល់ចំណុចផ្លូវជាតិលេខ៦ ទល់មុខភោជនីយដ្ឋានកាដូ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុដោយភាគីបង្កសុំសម្របសម្រួលជាមួយភាគីរងគ្រោះដោយភាគីបង្កបានចេញសំណងជួលជុលម៉ូតូ និងចេញថ្លៃព្យាបាលទាំងស្រុងទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ