ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោបានបង្ហោះសារជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា តាមរយៈបណ្តាញទំនាក់ទំនងហ្វេសប៊ុក ៖
«នៅព្រឹកថ្ងៃ ២៩ វិច្ឆិកា នេះ ខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា-០២ ខែធ្នូ ២០១៨ ។
នៅក្នុងពេលទស្សនកិច្ចខ្ញុំនឹងជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និង លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ព្រមទាំងចូលរួមនៅក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះ ខ្ញុំនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។ រយ:ពេលធ្វើដំណើរគឺប្រហែល 3ម៉ោង40 នាទី។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕