ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា-០២ ខែធ្នូ ២០១៨ ។
នៅក្នុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ផងដែរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនទៀតផង។
ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាអំពី “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។
នៅក្នុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់ សម្តេចតេជោ នឹងអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕