ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនល្មើសរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ឈ្មោះ អាត សំអុល លើកគ្នាមកកាងឈើដឹកឆ្លងកាត់កុងត្រូលសមត្ថកិច្ចឈរជើងលើផ្លូវ ៦២ ជាច្រើនកន្លែង

ចែករំលែក៖

ព្រះវិហារ+កំពង់ធំ៖ ក្រុមជនល្មើសរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ១ក្រុម ដែលមានឈ្មោះ អាត សំអុល (ហៅហ៊ីង)ជាមេខ្លោង ឈ្មោះ តុង ឡេង និង ថៃ រស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវជាបងប្អូនបង្កើត ហើយជាម្ចាស់ឈើ និង គោយន្ត រ៉ឺម៉កទាំងនោះ បានប្រមូលបក្សពួកជាច្រើននាក់ទៀត លើកគ្នាមកកាងឈើដឹកឆ្លងកាត់កុងត្រូល ឬ ស្នាក់ការរបស់សមត្ថកិច្ចច្រើនប្រភេទ ដែលឈរជើងលើផ្លូវជាតិលេខ ៦២ ជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ + កំពង់ធំពីចំណុចអូរពោធិឃុំ រមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ រហូតដល់ថ្នល់បែកស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

នៅលើដងផ្លូវ ៦២ គេសង្កតឃើញមាន ស្នាក់ការកុងត្រូលបរិស្ថាន ប៉េអឹម ប៉ូលីស ទាហាន មេព្រៃសង្កាត់សាលាវិស័យ និង ស្នាក់ការមេព្រៃផ្នែកស្ទោង ដែលត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ រិះគន់ទៅលើកម្លាំងសមត្ថកិច្ចទាំងនោះថា បង្កើតស្នាក់ការ និងដាក់បារ៉ាស់ជាច្រើនកន្លែងឈរជើង ចាំចាប់ពីស្រុកររៀង ខេត្តព្រះវិហារ រហូតដល់ស្រុកប្រាសាទបល្ល័ង្ក និង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ ។ ជាពិសេស បទល្មើសដឹកឈើខុសច្បាប់ គឺកំពុងបង្កើតជាកុងត្រូលជជុះ ចាំឈរយកលុយពីអ្នករកស៊ីបទល្មើសព្រៃឈើ ដាក់ហោប៉ៅជាថ្នូរ និងការមិនបង្ក្រាប ។ ព្រោះគេកម្រឃើញ វត្តមានអស់លោកសមត្ថកិច្ច និង ជំនាញរដ្ឋបាលព្រៃឈើទាំងនោះ ចេញមុខបង្រ្កាបណាស់ ! តែដោយឡែក គេឃើញតែក្រុមអ្នករកស៊ីបទល្មើសដឹកឈើទាំងនោះ ប្រព្រឹត្តទៅជារៀងរាល់យប់ថ្ងៃ ។

ប្រភពដដែលបានបន្ថែមថា បើដាក់បារ៉ាស់តាមផ្លូវ ហើយមិនបង្រ្កាបរាល់បទល្មើសខុសច្បាប់នោះទេ តើបង្កើតកុងត្រូលស្នាក់ការមកដើម្បីអ្វី ? ឬក៏បង្កើតដើម្បីដើរប្រមូលលាភសក្ការៈចែកគ្នាតាមរបៀបអំពើពុករលួយ ? ។

សូមបញ្ជាក់ថា កន្លងមក លោកអភិបាលខេត្តទាំងពីរ ធ្លាប់បានប្រាប់អំពីគោលបំណង នៃការបង្កើតក្រុមចម្រុះដាក់កុងត្រូល ដើម្បីទប់ស្កាត់រាល់បទល្មើសនានា ដែលកើតមាននៅលើដងផ្លូវ ជាពិសេសបទល្មើសដឹកឈើខុសច្បាប់ ។ តែផ្ទុយទៅវិញមន្ត្រី ស៊ីប្រាក់រដ្ឋ ដែលត្រូវបានចាត់តាំងអោយដឹកនាំអនុវត្តការងារខាងលើ បែរជាអនុវត្តផ្ទុយពីគោលការណ៍ទៅវិញ ។

ចំណុចនេះហើយ ដែលមហាជន និងពលរដ្ឋតែងតែហៅមន្ត្រីទាំងនោះថា ជាមន្ត្រីគ្រាប់ល្ពៅប្រភទទី១ ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ។ ព្រោះមិនត្រឹមតែ មិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត ។ សម្រាប់ប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហក់ មិនអាចប្រើបាននោះទេ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖