ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារតាមដែនអាកាស នៅអាហ្វហ្គានីស្ថាន សម្លាប់ មេបញ្ចាការក្រុមតាលីបង

ចែករំលែក៖

មេបញ្ចាការក្រុមតាលីបង់ ដែលអាមេរិកតាមប្រម៉ាញជាច្រើនឆ្នាំកន្លងមក នៅពេលនេះបានស្លាប់ហើយដោយការវាយប្រហារតាមដែនអាកាស ពីកម្លាំងទាហានអាមេរិក នៅអាហ្វាហ្គានីស្ថាន ។
ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា មេបញ្ជាការជាន់ខ្ពស់បំផុតមួយរូប របស់ក្រុមឧទ្ទាម តាលីបង់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារពីលើដែនអាកាស របស់ទាហានអាមេរិក នៅលើទឹកដីអាហ្វហ្គានីស្ថាន ។

មេបញ្ជាការរបស់ក្រុមឧទ្ទាមម្នាក់នោះ ឈ្មោះ Mullah Abdul Manan Akhund គ្រប់គ្រងទាហានឧទ្ទាមនៅភាគខាងត្បូងខេត្ត Helmand ។ មន្ត្រីក្នុងតំបន់និយាយថា គាត់ត្រូវបានសម្លាប់ នៅក្នុងស្រុក Nawzad ខេត្ត Helmand កាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅ ។

ក្រុមតាលីបង់និយាយថា នេះជាការបាត់បង់កដ៏ធំមួយរបស់ខ្លួន ។ ប៉ុន្តែទោះបីយ៉ាងណា វាមិនបណ្តាលឲ្យប៉ះពាល់ដល់សកម្មភាពរបស់ពួកគេ ក្នុងគោលដៅដណ្តើមគ្រប់គ្រងវិញដែនដីភាគខាងត្បូងអាហ្វហ្គានីស្ថានឡើយ ។

សូមបញ្ជាក់ថា ខេត្ត Helmand ខាងលើនេះ កាលពីមុន ជាទីតាំងឈរជើងរបស់កងកម្លាំងអង់គ្លេសរយៈពេល៨ឆ្នាំ មុនពេលដកត្រឡប់ទៅវិញក្នុងឆ្នាំ២០១៤ ។ ផ្នែកជាច្រើននៃខេត្តមួយនេះ បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមតាលីបង់ ។

ការសិក្សាស្រាវជ្រាវដើមឆ្នាំនេះបង្ហាញថា ពួកឧទ្ទាមតាលីបង់ បានគ្រប់គ្រងដែនដីភាគច្រើនជាងពេលណាទាំងអស់ តាំងឆ្នាំ២០១៤ ។ មនុស្សប្រមាណ១៥លាននាក់ ពាក់កណ្តាលនៃចំនួននេះ រស់នៅទីកន្លែងដែលកាន់កាប់គ្រប់គ្រងដោយពួកឧទ្ទាមតាលីបង់ ហើយដែលពួកគេបង្ហាញវត្តមានដោយបើកចំហរ ។

រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានព្យាយាមណាស់ដែរដើម្បីបញ្ចុះបញ្ចូលពួកឧទ្ទាមដើម្បីចរចាសន្តិភាព បញ្ចប់ការវាយប្រហារភេរវកម្ម ។ កាលពីខែមុន រដ្ឋាភិបាលបានបញ្ជូនគណៈប្រតិភូទៅប្រជុំពិភាក្សាបញ្ហានេះនៅប្រទេសរុស្ស៊ី ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមឧទ្ទាមបានច្រានចោលសំណើចរចាសន្តិភាពផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕ ម៉ែវសាធី

 


ចែករំលែក៖