ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាវាយបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

កណ្ដាលៈ បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីស្រវឹងស្រាវាយបំផ្លាញទ្រព្យសម្បត្ដិអ្នកដៃ កាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សឿន សំណាង ហៅឃ្លោក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯជនរងគ្រោះឈ្មោះ សឿន អូន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកសភ្ភារៈខូចខាតមានកង់ចំនួន១គ្រឿង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទិញស្រាមកផឹករហូតដល់ស្រវឹង រួចបានស្រែកជេរឡូឡាដាក់ជនរងគ្រោះ បន្ទាប់ពីជេរជនរងគ្រោះរួច ភ្លាមនោះជនសង្ស័យបានទៅដុតកង់របស់ជនរងគ្រោះចោលតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលលំហាច ដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យ ។ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍ទទួលបានបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះកម្លាំងនគរបាលបានធ្វើការចាប់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនស្រវឹងស្រាពិតមែន ហើយស្រែកជេរជនរងគ្រោះ តែដោយសារជនរងគ្រោះនិយាយថាទៅមណ្ឌលផ្តាច់ថ្នាំញៀនរយៈពេល៦ខែហើយមកវិញ នៅមិនកែខ្លួន ទើបខ្លួនខឹងក៏ដុតកង់របស់ជនរងគ្រោះចោលតែម្តងទៅ ៕ស្អាងជ័យ

ចែករំលែក៖