ព័ត៌មានទាន់ហេតុការណ៍៖

ចាក់បេតុងផ្លូវមេមួយខ្សែ ចម្ងាយ១៧០ម៉ែត្រ តាមបណ្តោយមាត់ទន្លេ ជាថវិកាមូលនិធិ ស្រុកសៀមប៉ាង រួមនឹងបដិភាគ របស់បងប្អូនពលរដ្ឋ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្រុកសៀមប៉ាងទទួលបានផ្លូវបេតុងមេមួយខ្សែ ប្រវែង១៧០ម៉ែត្រ ដែលជាថវិការបស់មូលនិធិស្រុក តាមបណ្តោយផ្លូវមាត់ទន្លេឋិតក្នុងភូមិសេកុង ឃុំសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

តាមការលើកឡើងរបស់ពលរដ្ឋរស់នៅក្នុងស្រុកសៀមប៉ាង បានសំដែងនូវការត្រេកអរយ៉ាងខ្លាំង ដែលបាន លោកផាន់ យុត្ត ជាអភិបាលស្រុកបានមានគំនិតផ្តួចផ្តើមនិងស្ថាបនាផ្លូវចាក់បេតុង មួយខ្សែនេះ តាមបណ្តោយផ្លូវមាត់ទន្លេ ងាយស្រួលដល់ពួកគាត់ ធ្វើដំណើរដែលពីមុនផ្លូវនេះធ្លាប់តែបែកភួគ ពេលរដូវវស្សាមកដល់លំបាកក្នុងការធ្វើដំណើរណាស់ ។

ប្រជាពលរដ្ឋពួកគាត់ ក៏ចូលរួមត្រេកអរណាស់ ហើយ ក៏មិនធ្វើឲ្យរំខានដល់ ការសាងផ្លូវនេះដែរ ពួកគាត់នឹងសម្បទាននូវអ្វីដែលបះពាល់ មកលើដីចំណីផ្លូវ និងរបងយ៉ាបផ្ទះ តូបពួកគាត់បន្តិចបន្តួចនោះទេ សំខាន់ឲ្យបានផ្លូវងាយស្រួលដល់ពួកគាត់ធ្វើដំណើរ ។

ជុំវិញរឿងនេះ លោកផាន់ យុត្ត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ឲ្យដឹងនៅថ្ងៃអាទិត្យ ទី២ ធ្នូ ថា ក្នុងការស្ថាបនា ផ្លូវ១ខ្សែចាក់បេតុងមេនេះ មាន ទទឹង៦ម៉ែត្រ កម្រាស់ ១តឹក ប្រវែង១៧០ម៉ែត្រ ជាថវិកាមូលនិធិស្រុក ។

លោកបញ្ជាក់ថាៈ ដោយមើលទៅឃើញថា ផ្លូវនេះលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដូវវស្សា ហើយក៏ជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផង និងងាយស្រួលដល់ពួកគាត់ធ្វើដំណើរមួយជំហាន ហើយផ្លូវនេះធ្វើជាជំហានគីង្គក់ មានលុយតិច ធ្វើតិច មានច្រើន ធ្វើច្រើនហើយ ក៏ធ្វើក្នុងដំណាក់កាលមួយឆ្នាំម្តងៗ ធ្វើទៅតាមទឹកលុយរបស់មូលនិធិស្រុក រួមផ្សំនឹងថវិកាបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។

លោកបញ្ជាក់ថា ក្នុងការធ្វើផ្លូវនេះ លោក ក៏បានកោះប្រជុំបងប្អូន ផ្សព្វផ្សាយដល់ពួកគាត់ដែលរស់នៅជាប់នឹងដងផ្លូវមាត់ទន្លេ ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ និងជួយជាបដិភាគ ក្នុងការស្ថាបនាផ្លូវនេះ ហើយ ក៏សូមឲ្យបងប្អូនយើងជួយទិញលូដាក់ ធ្វើប្រឡាយទឹកស្អាតដោយខ្លួនឯង តែប្រឡាយខាងសាលាស្រុក ជាអ្នកកាយប្រឡាយឲ្យ ពលរដ្ឋជាអ្នកសម្រួលខ្លួនឯង ទើបដំណើការនេះទៅបាន ។

គូររំលឹកថាៈ នៅអណត្តិដែលលោក ផាន់ យុត្ត មកកាន់កាន់ដំណែង ជាអភិបាលស្រុកនេះ លោកបានកសាងផ្លូវជាច្រើនកន្លែង ច្រើនភូមិ ឃុំ ហើយជាច្រើនគីឡូម៉ែត្រ ក្រាលក្រួសក្រហមដើម្បីសម្រួល និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។

កាលពីដើមខែវិច្ឆិកា កន្លងមកនេះ លោក ផាន់ យុត្ត បានជួយសម្រួលផ្លូវ១ខ្សែ ចេញពីផ្លូវបំបែកដុងក្រឡ ចូលមកស្រុកសៀមប៉ាង ចម្ងាយប្រមាណជា៥០គីឡូម៉ែត្រ ផងដែរ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបណ្តោះអាសន្ន តែដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨នោះវិញ ទើបបានក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដាក់គ្រឿងចក្រមកស្ថាបនាផ្លូវនេះបន្ត រួមនឹងផ្លូវបេតុងមេនេះបន្ថែមទៀត ជាគំនិតផ្តួចផ្តើមរបស់លោក ផាន់ យុត្ត ផ្ទាល់ផងដែរ ៕ មាស សុផាត

 


ចែករំលែក៖