ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូដួលម្នាក់ឯងបោកផ្ទុបជាមួយផ្លូវបាក់កស្លាបយ៉ាងអាណោចអាធ័មនៅស្រុកល្វាឯម

ចែករំលែក៖

កណ្ដាលៈ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលបើកម៉ូតូពុំដឹងជាបុកអ្វីបណ្ដាលឲ្យដួលបោកទៅនឹងផ្លូវបាក់កស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៣៨០ ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ យឹម ប៊ុណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិទឹកឃ្លាំង ឃុំ ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-8035 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុពុំដឹងជាបុកនឹងអ្វី បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួលធ្វើឲ្យជនរងគ្រោះបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែងឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារបើកម៉ូតូដួលដោយខ្លួនឯង ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញកសាងឯកសារនិងដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

ចែករំលែក៖