ភ្នំពេញ៖ ដើម្បីកែលំអរប្រព័ន្ធលូកុំឲ្យស្ទះពេលភ្លៀងខ្លាំងម្តងៗ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលខណ្ឌច្បារអំពៅបានបញ្ជូនកម្លាំងជំនាញចុះរៀបចំប្រព័ន្ធលូថ្មីនៅផ្សាច្បារអំពៅ កន្លងមកពេលភ្លៀងម្តងៗតំបន់ផ្សារច្បារអំពៅតែងតែរងគ្រោះព្រោះទឹកលិចផ្លូវជះក្លិនស្អុយអសោចដល់អាជីវករនិងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជុំវិញផ្សារ។
ដើម្បីកែសម្រួលឲ្យបានប្រសើរឡើងថែមទៀតរដ្ឋបាលរាជធានីភ្នំពេញបានចុះអនុវត្តគម្រោងដាក់លូថ្មី ដែលមានមុខកាត់ធំជាងលូចាស់ ។ បន្ទាប់ពីទទួលបានគម្រោងថ្មីដើម្បីដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌច្បារអំពៅ បានជំរុញការស្ថាបនាប្រព័ន្ធលូថ្មីដោយមានមុខកាត់ ទំហ៊ំ១២០សង់ទីម៉ែត្រ បណ្តោយប្រវែង៧៨៥ម៉ែត្រ ដាក់បង្កប់ចេញពីផ្សារច្បារអំពៅតាមបណ្តោយផ្លូវលេខ៣៦៩ ធ្លាក់ចូលក្នុងទន្លេ ។
ដើម្បីជំរុញការស្ថាបនាប្រព័ន្ធលូបង្ហូរទឹក ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញឲ្យបានលឿននៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ លោករស់ សុភ័ក្តិ និង លោកស្រី ឯក យ៉ានី ជាអភិបាលរងខណ្ឌរួមជាមួយលោកយិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានចុះពិនិត្យការស្ថាបនាដាក់ប្រព័ន្ធលូបង្ហូរទឹកនៅជុំវិញផ្សារច្បារអំពៅ ឆ្ពោះទៅកាន់ផ្លូវ៣៦៩ តំបន់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ។
ក្នុងការចុះពិនិត្យនេះដែរលោកអភិបាលរងខណ្ឌបានណែនាំឲ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធស្ថាបនាប្រព័ន្ធលូរត្រូវអនុវត្តតាមកិច្ចសន្យា ស្ថាបនាស្របទៅតាមបទដ្ឋានបច្ចេកទេសនៃសំណង់ ដើម្បីធានាបាននូវគុណភាពល្អប្រើប្រាស់រយៈពេលយូ ។
បន្ថែមពីលើនេះផងដែរ ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ដងផ្លូវជាពិសេសនៅចំណុច ដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូនៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាយោគយល់នូវការកក់ស្ទះចរាចររំខានដល់ការរកស៉ីនិងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលកំពុងតែអនុវត្តគម្រោង មួយផ្នែកទៀតសូម រៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយនិងពិនិត្យមើលគំរបលូនៅមុខផ្ទះរាល់ពេល ដែលមានមេឃភ្លៀងធ្លាក់ខ្លាំងនិងសូមជួយសំអាតដើម្បីកុំឲ្យមានសំរាមហូរចូលដល់មាត់លូព្រោះអាចបង្កឲ្យមានការកកស្ទះ ចរន្តទឹកហូរ។
តាមការបញ្ជាក់ពីក្រុមការងារ ដែលកំពុងស្ថាបនាប្រព័ន្ធលូថ្មីបានប្រាប់ថា ការអនុវត្តគម្រោងដាក់ប្រព័ន្ធថ្មីនេះត្រូវចំណាយពេលមិនលើស២ខែទេនិងរួចរាល់ជាស្ថាពរ ត្រូវធ្វើឲ្យរួចរាល់មុនរដូវវស្សាចូលមកដល់៕ សណ្តោស