ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខក្រសួងមហាផ្ទៃ ៖ ភាពយឺតយ៉ាវក្នុងការកាត់ក្ដី ជាបន្ទុកមួយ ធ្វើឲ្យអ្នកជាប់ឃុំ មិនថយចុះ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការយឺតយ៉ាវនៃនីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំឃាំង ក៏ជាបន្ទុកមួយផ្នែកទៀតធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះខណៈបច្ចុប្បន្នពន្ធនាគារទាំង២៨ទូទាំងប្រទេស ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់ហើយក្នុងនោះមានត្រឹមតែជាងប្រាំបួនពាន់នាក់ប៉ុណ្ណោះ ដែលបានកាត់ក្តីរួចជាស្ថាពរនោះ។

ការលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃរូបនេះ គឺបានធ្វើឡើង នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទីនិងភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ ។

សម្ដេចក្រឡាហោមបានលើកឡើងថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ មានទណ្ឌិតចំនួនប្រមាណ៩,០០០នាក់ប៉ុណ្ណោះ ហើយក្រៅពីនោះអ្នកដែលជាប់ឃុំរង់ចាំនីតិវិធីតុលាការ មានចំនួនជាង២ម៉ឺននាក់ឯណោះដូច្នេះហើយបានជាពន្ធនាគារនាពេលបច្ចុប្បន្នមានការចង្អិតហើយរហូតដល់មានការរិះគន់ពីសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមស្មារតីគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម សំដៅធ្វើឲ្យប្រសើរឡើងនូវស្ថានភាព និងសុខមាលភាពអ្នកជាប់ឃុំក្នុងពន្ធនាគារ ក៏ដូចជាចូលរួមអនុវត្តឲ្យបានសមស្របតាមអនុសញ្ញាប្រឆាំងទារុណកម្ម ដែលកម្ពុជាជារដ្ឋភាគីជាពិសេស ដើម្បីធានាសន្ដិសុខ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងពង្រីកបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរឃុំឃាំង នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីបន្ថូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារទាំងនោះផងដែរ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងដែរថា ក្រៅពីវិធានការពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ក្រសួងមហាផ្ទៃ ក៏បាននិងកំពុងយកចិត្តទុកដាក់ អនុវត្តយន្ដការពន្លឿននីតិវិធីតុលាការ ដោយបានបង្កើនក្រុមការងារអន្ដរក្រសួង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្ដី សំដៅសម្រាលបន្ទុកនៃការចង្អៀតណែន ក្នុងពន្ធនាគារឲ្យបានជាអតិបរមាផងដែរ ។

ដោយឡែក សម្រាប់តំណាងស្តីទីនៃការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ដែលជាដៃគូសម្រាប់ធ្វើកិច្ចការនេះ ក៏បានស្វាគមន៍ចំពោះការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ហើយបានសន្យា នឹងបន្តជួយគាំទ្រនៅកម្មវិធីនេះឲ្យទទួលបានជោគជ័យផងដែរបើទោះបីជា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអំពើឃោឃៅអំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្មេញឬទណ្ឌកម្មនេះនូវមិនទាន់មានធន់ធានគ្រប់គ្រាន់យ៉ាងណាក៏ដោយនោះ៕


ចែករំលែក៖