ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បណ្ដាលឲ្យបុរសសតិមិនគ្រប់ម្នាក់ ស្លាប់ក្នុងអណ្ដាតភ្លើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សមានសតិមិនគ្រប់ត្រូវបានស្លាប់ក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអាធ័ម និងផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុង ក្នុងករណី អគ្គិភ័យដែលកើតឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ តា រ៉ូម៉ា ភេទប្រុស អាយុ៦២ ឆ្នាំ ជាមនុស្សមានសតិមិនគ្រប់ និងមានកូនស្រីម្នាក់នៅជាមួយមានឈ្មោះ ម៉ា មុំ ភេទស្រី អាយុ៣៧ឆ្នាំ (សតិមិនគ្រប់ដូចគ្នា) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះបានឲ្យកូនស្រី យកដែកកេះទៅឲ្យខ្លួនដើម្បីជក់បារី។ ក្រោយពីជក់រួចជនរងគ្រោះក៏បោះកន្ទុយបារីចោលទៅលើគំនរក្រណាត់ដែលខ្លួន និងកូនស្រីរើសមកគរទុកក្នុងផ្ទះ ទើបបណ្ដាលឲ្យឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបាឲ្យដឹងថា ផ្ទះកើតហេតុគឺមានសមាជីកតែពីរនាក់ឪពុកនិងកូនស្រីទេ ហើយទាំងពីរនាក់នេះសុទ្ធតែមនុស្សមានសតិមិនគ្រប់ដូចគ្នា និងដើររើសក្រណាត់ចាស់ជាច្រើនយកមកគរទុកក្នុងផ្ទះជាច្រើនផងដែរ ។

ក្នុងករណីនេះដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន៥គ្រឿង និងប្រើរយះពេលជាងមួយម៉ោង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕ ភារ៉ា ដង្កោ


ចែករំលែក៖