ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រារព្ធពិធីឆ្លងឆ្នាំសកលនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ។
ដោយឡែក ឆ្នាំនេះ គឺជាខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ។
សេចក្ដីជូនដំណឹង បញ្ជាក់ថា ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ និង គណៈកម្មការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រារព្ធពិធីឆ្លងឆ្នាំសកល ឈានចូលឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ នៅវិមានឈ្នះ ឈ្នះ ស្ថិតនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ លី យ៉ុងផាត់ មហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ពិធីនេះ មានការប្រគំតន្ត្រីខ្នាតធំ អមដោយការដាក់ស្តង់តាំងពិព័រណ៍ផលិតផល ការសម្ដែងសិល្បៈបុរាណ ខ្មែរសម័យជាច្រើនប្រភេទ ។
ដើម្បីញ៉ាំងឱ្យបរិយាកាសក្នុងពិធីឆ្លងឆ្នាំសកល២០១៨ នេះ ប្រព្រឹត្តទៅប្រកបដោយមហាឡារិក អធិកអធម និង សប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ ៕ ចេស្តា