ព័ត៌មានទាន់ហេតុការណ៍៖

តារាជើងចាស់ ចាន់ តារាទី រំលឹកអនុស្សាវរីយ៍ពីយុវវ័យជាមួយ លោក យស បូ វណ្ណៈ

ចែករំលែក៖

ភ្នំពេញ៖ វត្តមានតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈនៅកម្ពុជាដោយវិលរកការសម្តែងជាថ្មី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ ដៃគូដែលធ្លាប់សម្តែងរួមគ្នា អ្នកស្រី ចាន់ តារាទី បានរំលឹកអនុស្សាវរីយ៍ពីយុវវ័យមួយចំនួនដែលធ្វើឲ្យអ្នកនាងចងចាំតារាសម្តែងរូបនេះមិនភ្លេចទាំងការសិក្សា និងសម្តែងរួមគ្នា ។

ការរំលឹកទាំងរឿងសប្បាយ និងទុក្ខរួមគ្នានេះធ្វើឡើងក្រោយពីអ្នកស្រី ចាន់ តារាទី បានឱកាសសម្តែងរួមគ្នាជាថ្មីជាមួយ លោក យស បូវណ្ណៈក្នុងភាពយន្តរឿង លោកឪពុក ដែលផលិតដោយផលិតកម្មមហាហង្ស ។

អ្នកស្រីបញ្ជាក់ថា ធ្លាប់សម្តែងរួមគ្នាជាង២០ឆ្នាំមុន ហើយពេលនេះបានសម្តែងរួមគ្នាជាថ្មី គឺជាអ្វីដែលអ្នកស្រីស្រមៃចង់បានជាយូរមកហើយ ។

អ្នកស្រីរំលឹកថា កាលពីអំឡុងឆ្នាំ១៩៧៩ លោក យស បូវណ្ណៈ គឺជាសិស្សផ្នែកល្ខោននិយាយជំនាន់ទី១ ហើយអ្នកស្រីបានចូលសិក្សាផ្នែកនេះ នៅឆ្នាំ១៩៨១ គឺជំនាន់ទី២ ។ អ្នកស្រីថា មានរឿងដែលអ្នកស្រីចងចាំមិនភ្លេច គឺការសិក្សារួមសាលា ការស្នាក់នៅក្នុងសាលា ទទួលទានអាហារ និងធ្វើការងារប្រចាំថ្ងៃរួមជាមួយសិស្សច្បង ។

អ្នកស្រីសរសើរពីអត្តចរិកឫកពាលោក យស បូវណ្ណៈ ថាជាសិស្សច្បងដ៏គួរឲ្យគោរពស្រឡាញ់ ព្រោះតែលោកចេះជួយទុក្ខធុរៈ ជួយបង្ហាត់បង្ហាញ ជាមនុស្សគោរពពេលវេលា និងជាមនុស្សមានប្រជាប្រិយភាព នៅសាលារហូតសិស្សច្បងរូបនេះ ទទួលបានឱកាសចេញទៅបន្តការសិក្សានៅប្រទេសរុស្សី ។

អ្នកស្រីបន្តថា កន្លងមកអ្នកស្រីធ្លាប់សម្តែងរួមគ្នាជាមួយលោក យស បូវណ្ណៈជាច្រើនរឿង ចាប់តាំងពីឆ្នាំ១៩៨៧មកដូចជារឿ ចង់ដឹងសាកមើលសិន ។ អ្នកស្រីថា កាន់តែរំភើបខ្លាំង គឺពេលនេះបានសម្តែងរួមគ្នាជាថ្មី ក្រោយពីខកខានសម្តែងអស់ជាង២០មកហើយនោះ ។ អ្នកស្រីថា អ្វីៗហាក់នៅចងចាំក្នុងចិត្តជានិច្ច និងបានគាស់រំលឹកអនុស្សាវរីយ៍ពីយុវវ័យរបស់អ្នកស្រីឲ្យកម្រើកឡើងវិញ ។

សម្រាប់លោក យស បូវណ្ណៈវិញ ក៏ថ្លែងពីអារម្មណ៍នឹករលឹកដល់ដៃគូសម្តែងចាស់ អ្នកស្រី ចាន់ តារាទី ផងដែរ ។

លោកថាជាឱកាស ដែលលោកតែងតែចង់បានជាយូរមកហើយ ដែលលោកក៏បាននឹកដល់អនុស្សាវរីយ៍ជាច្រើន រវាងលោក នឹងអ្នកស្រី ចាន់តារាទី និងសិល្បកររួមជំនាន់ដទៃទៀត ។

លោកថា នៅតែចងចាំមិនភ្លេចនូវអនុស្សាវរីយ៍រួមគ្នាជាពួកគាត់ បើទោះបីជាលោកបានចាកចេញពីទឹកដីកំណើត ទៅរស់នៅសហរដ្ឋអាមេរិកជិត២០ឆ្នាំទៅហើយក៏ដោយ ។

លោកថា ជាញឹកញាប់លោកតែងចូលរួមគៀងគរសិល្បករចាស់ក្មេងឲ្យចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើន ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញឲ្យកូនខ្មែររស់នៅក្រៅប្រទេសបានដឹងបានស្គាល់ អំពីតម្លៃសិល្បៈដែល ។

លោករំពឹងថា ការវិលមករកការសម្តែងជាថ្មីនឹងធ្វើឲ្យការរួមសាមគ្គីភាពគ្នារវាងសិល្បករជំនាន់មុន និងជំនាន់ក្រោយកាន់តែស្អិតរមួត និងអាចជួយបំពេញបំណងអ្នកគាំទ្រដែលសំណូមពរ និងចង់ឃើញលោកវិលរកការសម្តែងជាថ្មី ៕ វឌ្ឍនា


ចែករំលែក៖