ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា៖ នៅវេលាម៉ោង១២ៈ៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំង នគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅជិតតំបន់សេដ្ឋកិច្ចពិសេសរោងចក្របិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបន្តថា ការបង្ក្រាបនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់៖ ឈ្មោះហ៊ី ឈុនពៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ឈ្មោះ យុន សី ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះសុខ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រីឯវត្ថុតាងដែលចាប់យកមាន ម្សៅក្រាមពណ៌សសង្ស័យជា សារធាតុញៀន ចំនួន ៣៣ កញ្ចប់ និងទូរស័ព្ទចំនួន៤គ្រឿង។
ជនសង្ស័យទាំងបីនាក់ សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅ សាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ