ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២៣ និង៥នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះបាយ និងរោងមាន់មួយខ្នងតជាប់គ្នា ស្ថិតនៅចំណុចខាងកើតផ្លូវ ទល់មុខរោងសិប្បកម្ម១កន្លែង នៅក្នុងភូមិ ប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមសមត្ថកិច្ចជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា: ករណីអគ្គិភ័យឆាបឆេះខាងលើ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសនៅក្នុងចង្ក្រានផ្ទះបាយ បណ្ដាលឲ្យឆាបឆេះ ដោយសារម្ចាស់ផ្ទះខ្វះការប្រុងប្រយ័ត្ន ដាំបាយភ្លេចបិទចង្ក្រានហ្គាស បណ្ដាលឲ្យផ្ទុះឆេះផ្ទះបាយ និងរោងមាន់ និងខូចខាត សម្ភារមួយចំនួន. តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។
សមត្ថកិច្ចបន្តថា ផ្ទះបាយ និងរោងមាន់ឆេះនេះ ម្ចាស់ផ្ទះមានឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
បើតាមម្ចាស់ផ្ទះបានប្រាប់ថា ផ្ទះបាយ និងរោងមាន់នេះគាត់បានសង់តជាប់គ្នា មានទទឹង២ម៉ែត្រ បណ្ដោយ៥ម៉ែត្រ ដំបូលស្បូវ និងលាយស័ង្កសី ជុំវិញឈើ បណ្ដាលឲ្យផ្ទុះកំប៉ុងហ្គាសឆាបឆេះនៅសល់គ្រោងឈើតិចតួច។
ករណីខាងលើនេះ ត្រូវបានកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះមកអន្តាគមន៍ពន្លត់ទាន់ពេលវេលា ការប្រើរថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនូនពីរថយន្តអគ្គិភ័យ ៕ ស សារ៉េត